(ភ្នំពេញ)៖ ក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសប្រាប់អង្គការដែលជាដៃគូ ឈប់ផ្តល់ជំនួយក្នុងប្រតិបត្តិការដោះគ្រាប់បែក ដែលទម្លាក់ដោយអាមេរិកខ្លួនឯង នៅលើកទឹកដីកម្ពុជា ចាប់ពីឆ្នាំ២០១៨នោះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប បានចេញមកចាត់ទុកថា ទង្វើរបស់អាមេរិក នៅពេលនេះបង្ហាញយ៉ាងច្បាប់ថា អាមេរិកគឺជាប្រទេសដ៏គ្រោះថ្នាក់បំផុត សម្រាប់ពិភពលោក ដោយសារតែប្រទេសមួយនេះ ខ្វះការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានសាងឡើង។
ប្រធានគណបក្សយុវជនរូបនេះ បានចោទជាសំណួរចំនួន៣រួមមាន ១៖តើការផ្តាច់នូវជំនួយរបស់អាមេរិក គឺជាការឆ្លុះបញ្ចាំងអំពីចរិក មិនទទួលខុសត្រូវរបស់ ប្រទេសមួយនេះដែរឬទេ?, ២៖ តើអ្នកណាជាអ្នកទម្លាក់គ្រាប់បែកគីមី មកលើផ្ទៃដីកម្ពុជា? និងទី៣៖ តើអ្នកបង្កឡើងត្រូវទទួលខុសត្រូវ យ៉ាងដូចម្តេចមកយកគ្រាប់បែកទៅវិញ ឬឲ្យប្រទេសរងគ្រោះសងថ្លៃគ្រាប់បែករបស់ខ្លួន ដែលធ្លាក់ក្នុងដែនដី នៃប្រទេសរងគ្រោះ?
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា ការចោទជាសំនួរទាំងអស់នេះ មិនមែនការចំអកឡកឡឺយឲ្យប្រទេសអាមេរិកទេ ប៉ុន្តែជាចម្ងល់របស់ពលរដ្ឋរងគ្រោះស្ទើរពាក់ កណ្តាលប្រទេសកម្ពុជា ដោយហេតុថា ប្រទេសអាមេរិកតែមួយគត់ ដែលជាអ្នកនាំគ្រាប់បែកគ្រប់ប្រភេទ ជាពិសេសគ្រាប់បែកមានផ្ទុកដោយជាតិគីមីទម្លាក់ មកលើទឹកដីកម្ពុជា ដូច្នេះអាមេរិកមិនគួរគិតថា ជាជំនួយមនុស្សធម៌ទេ ចំពោះការបោះសំអាតគ្រាប់បែករបស់ខ្លួន ដែលបន្សល់នៅលើទឹកដីប្រទេសកម្ពុជា ផ្ទុយទៅវិញថវិកាដែលចំណាយក្នុងការ បោះសំអាតនូវគ្រាប់បែករបស់ខ្លួននោះ គឺជាបន្ទុករបស់រដ្ឋាភិបាលអាមេរិកទាំងស្រុង មិនមែនជាជំនួយមនុស្សធម៌នោះឡើយ ហើយរឹតតែមិនអាចបោះបង់ការបោះសំអាត នូវគ្រាប់បែកទាំងអស់នោះថែមទៀត។
ប្រធានគណបក្សយុវជនចាត់ទុកថា «បើសិនជាអាមេរិកផ្អាក ការចំណាយថវិកាក្នុងការបោះសំអាតគ្រប់បែក ដែលខ្លួនបានបន្សល់ទុកលើទឹកដីប្រទេសកម្ពុជានោះ មានន័យថាប្រទេសអាមេរិក គឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតសម្រាប់ពិភពលោក ដោយសារតែប្រទេសមួយនេះខ្វះការទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួនដែលបានសាងឡើង»។
សូមជម្រាបថា លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ថា អង្គការ NPA ដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់ បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិកបានសំរេចកាត់ផ្តាច់ ជំនួយមនុស្សធម៌របស់ខ្លួន មកស៊ីម៉ាក់ចាប់ពីដើម ខែមករា ឆ្នាំ២០១៨តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វី ច្បាស់លាស់ឡើយ។
លោក ហេង រតនា បានបញ្ជាក់ថា ថវិកាជំនួយនោះ គឺជាជំនួយសម្រាប់បោសសំអាតគ្រាប់បែករបស់អាមេរិក ដែលទំលាក់លើទឹកដីខ្មែរ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបីគ្មានថវិកានេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់ នៅបន្តប្រតិបត្តិការនេះដដែលមិនដកថយឡើយ។
លោក ហេង រតនា បានបង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការសម្រេចរបស់អាមេរិកយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាង តល់ក្រហល់នេះ ជាពិសេសទន្ទឹមពេលដែលកម្ពុជា កំពុងរុករកឃើញ និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិកដែលរដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវ។ ខ្ញុំសូមឆ្លៀតឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក មេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ ព្រោះថាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនឹងមិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ»។
សូមជម្រាបថា ការសំរេចចិត្តផ្តាច់ជំនួយយ៉ាងតក់ក្រហល់របស់អាមេរិក ចំពោះសកម្មភាពបោសសម្អាត កាកសំណល់មិនទាន់ផ្ទុះ របស់ខ្លួនទម្លាក់លើទឹកដីខ្មែរនេះ ធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីជំនាញរបស់កម្ពុជា ប្រតិកម្មខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អាមេរិក ដែលចាត់ទុកគ្រាប់បែកគីមីនៅខេត្តស្វាយរៀង ត្រឹមជាឧស្ម័ន បង្ហូរទឹកភ្នែក ដែលការលើកឡើងនេះ ទង្វើមិនទទួលខុសត្រូវមួយ ចំពោះអំពើខុសឆ្គងរបស់ខ្លួនធ្វើមកលើប្រជាជនកម្ពុជា ខណៈមន្ត្រីជំនាញរបស់កម្ពុជា រកឃើញថា គ្រាប់បែកគីមីនោះ ជាប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែលមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម៕