(ស្វាយរៀង)៖ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេស មានសេដ្ឋកិច្ចលូតលាស់តិចតួច ក្នុងនោះកម្ពុជា ក៏ជាប្រទេសរងគ្រោះខ្លាំងមួយពីបម្រែបម្រួលអាកាសធាតុនេះផងដែរ។ ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុនេះ ក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបាននិងកំពុងធ្វើការងារយ៉ាង សកម្មភាពក្នុងបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋបន្សាំខ្លួនទៅនឹងការប្រែប្រួល ក៏ដូចជាទប់ស្កាត់នូវហានិភ័យ នានាកើតចេញពីការប្រែប្រួលអាកាសធាតុ។
និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តសរុប ១៣៧នាក់ ក្នុងនោះស្រ្តី៧៦នាក់ បានទទួលការ បណ្តុះបណ្តាលស្តីការ ប្រែប្រួលអាកាសធាតុរយៈពេល២ថ្ងៃ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យស្វាយរៀង ពីក្រសួងបិរស្ថាន ដើម្បីទទួលបាន ចំណេះដឹងថ្មីៗអំពីការមូលហេតុនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក ឡឹក វីរៈ សាកលវិទ្យាធិការរងសាកលវិទ្យាល័យ ស្វាយរៀង ដែលរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាលោក ទិន ពន្លក អគ្គលេខាធិការ បានគូសបង្ហាញអំពីផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុចំពោះប្រទេស កម្ពុជាថា សម្រាប់ឆ្នាំ២០១៥ និង ៥ខែដើមឆ្នាំ២០១៦ ប្រទេសកម្ពុជា ក៏ដូចជាបណ្តា ប្រទេសនៅក្នុងតំបន់ បានទទួលរងនូវឥទ្ធិពលអាកាសធាតុ មិនប្រក្រតី ដែលហៅថា ឡានីញ៉ា ដែលនាំឱ្យមានគ្រោះរាំងស្ងួត និងកំណើនកម្តៅ។ កត្តាទាំងនេះបានគំរាម កំហែងដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ជាពិសេសគឺសេដ្ឋកិច្ចជាតិទាំងមូល។
លោកអគ្គលេខាធិការ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ជាពិសេសថ្នាក់អន្តរជាតិ ដែលគណៈប្រតិភូកម្ពុជាកំពុងចូលរួម នៅក្នុងប្រជុំលើកទី២៣ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុនៅទីក្រុងបោន ប្រទេសអាឡឺម៉ង់ ក៏ដូចជាខិតខំកៀរគរ ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីអន្តរជាតិសម្រាប់ ប្រទេសទេសយើង។
លោក ឡឹក វីរៈ សាកលវិទ្យាធិការង សាកលវិទ្យាល័យស្វាយរៀង បានស្វាគមន៍ ចំពោះវគ្គបណ្តុះបណ្តាលបង្កើនចំណេះដឹង ផ្នែកប្រែប្រួលអាកាសធាតុ ដែលជាកត្តាកំពុងគំរាមកំហែងខ្លាំងចំពោះប្រទេសកម្ពុជា ហើយគឺជាមុខវិជ្ជាសំខាន់ដែលពាក់ព័ន្ធ នៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។ លោកសាកលវិទ្យាធិការង បានស្នើឱ្យនិស្សិតទាំងអស់ព្យាយាម ស្វែងយល់ ចំណេះដឹងទាំងនេះពីអ្នកជំនាញប្រែប្រួលអាកាសធាតុ។
ចំណេះដឹងសំខាន់ៗស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ គឺបានផ្តោតទៅលើ៖
១) មូលហេតុ និង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
២) ការឆ្លើយតបរបស់ថ្នាក់ជាតិ និងអន្តរជាតិ
៣) ជម្រើសបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ
៤) ជម្រើសកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
៥) វិធីសាស្រ្តគណនាដានកាបូន
៦) ហិរញ្ញវត្ថុអាកាសធាតុ
៧) ការគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុ ដែលបង្ហាញដោយមន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា(CCCA)៕