(កណ្តាល)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងជាអនុប្រធានអតីតសមាគមយុទ្ធជន តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន២ខ្នងមាន ទំហំ៥ម៉ែត្រX៨ម៉ែត្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជូនដល់គ្រួសារអតីតសមាគមយុទ្ធជនចំនួន២គ្រួសារ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
អតីតយុទ្ធជនទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ ភួង ឆន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរជនពិការ នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ ត្រឹង សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ពិការ)។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ សំ តុលា បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបាននាំយកថវិកា សំភារៈប្រើប្រាស់ និងគ្រឿងបរិភោគឧបភោគ មួយចំនួនចែកជូនគ្រួសារជួបការលំបាក និងទីទ័លក្រចំនួន២២គ្រួសារ រួមមាន៖ អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស្អីវ មី សរុបថវិកា៣, ៤២០, ០០០រៀល ដែលជាការឧបត្ថមពីនាយឧត្តមសេនីយ៍ គន់ គីម លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាប្រធានកិត្តិយសអតីតសមាគមយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ ឈៀ ស៊ីដារា មេបញ្ជាការសឹករងខេត្ត ជាប្រធានអតីតសមាគមយុទ្ធជនខេត្ត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។
អញ្ជើញចូលរួមអមដំណើរនាឱកាសនោះ មានលោកមេបញ្ជាការរង អ.ហ ខេត្ត លោកស្នងការរងខេត្ត លោកមេបញ្ជាការរងសឹករងខេត្ត អនុមន្ទីរសង្គមកិច្ចខេត្ត លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ អ.ហ ខេត្ត លោកអភិបាលរងស្រុក អធិការនគរបាលស្រុក លោកមេបញ្ជាការ អ.ហ ស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេឃុំ មេភូមិ មេប៉ុស្តិ៍។
ជាចុងបញ្ជាប់កម្មវិធី ក្រុមគ្រួសារអតីតសមាគមយុទ្ធជន មានសេចក្តីត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនសម្តចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំអតីសមាគមយុទ្ធជនគ្រប់លំដាប់ថ្នាក់ ឲ្យមានសុខភាពល្អ ដើម្បីដឹកនាំប្រទេសជាតិឲ្យរីកចំរើន និងមានសុខសន្តិភាពដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូបចង់បាន និង បាននាំគ្នាប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត មិនទៅចាញ់បោកពួកអគតិដើរបោកប្រាស់ និងក្បត់ជាតិមួយចំនួន បានតែនិយាយ និងបំរើផលប្រយោជន៍បរទេសនោះឡើយ៕