(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាស់តឿនដល់មេបញ្ជាការតាមអង្គភាពនីមួយៗ ត្រូវពង្រឹងកងកម្លាំងក្រោមឱវាទឲ្យលើកកម្ពស់ស្មារតី យកចិត្តទុកដាក់គ្រប់សភាពការណ៍ នៅចំពោះមុខ។
លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ថ្លែងបែបនេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំការពារសន្តិសុខ ក្នុងពិធីប្រារព្ធខួបទី៦៤ ថ្ងៃកំណើតកងយោធ ពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានទ័ពជើងគោក ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន, លោកឧត្តមសេនីយ៍ទោ ណឹប សុវិសាល អនុប្រធាន, លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ, លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បានបន្តថា កងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព របៀបរៀបរយសាធារណៈជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ លោក លោកស្រីជាភ្ញៀវជាតិ-អន្តរជាតិ ហើយបណ្តាអង្គភាពត្រូវចាត់ចែងប្រមូល ផ្តុំកម្លាំងបែងចែកភារកិច្ច សហការជាគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ត្រូវត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយ ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយជាយថាហេតុ ត្រូវចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជនចាត់តាំង ជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញា ជនល្មើសត្រូវអនុវត្តបង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិដូចជាការកាប់ព្រៃឈើខុសច្បាប់កាប់រានទន្រ្ទាន យកដីរដ្ឋ រុករករ៉ែខុសច្បាប់ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។ ទីតាំងដែលគួរប្រុងប្រយ័ត្នខ្ពស់ការពារតាមដងផ្លូវទីប្រជុំជន អប់រំម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ រោងចក្រអគ្គិសនី មណ្ឌលពាណិជ្ជកម្ម និងផ្សាទំនើបដើម្បីការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបាន១០០% នាឱកាសនោះ៕