(សេអ៊ូល)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ បានអះអាងឡើងវិញថា ខ្លួននឹងនៅតែបន្តពង្រឹង និងអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ មកកាន់ទីក្រុងសេអ៊ូល។ នេះបើតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាសែត Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួន បានលើកឡើងដូច្នេះថា «ដរាបណាសហរដ្ឋអាមេរិក និងអ្នកហែរហមរបស់ពួកគេ នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងពួកយើង នោះយើងនឹងកាន់តែពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ»។ បន្ថែមពីលើនេះ កាសែតរដ្ឋកូរ៉េខាងជើង ក៏បានថ្កោលទោសសហរដ្ឋអាមេរិកផងដែរថា ជាអ្នកបង្កឱ្យមានភាពតានតឹង នៅលើតំបន់ឧបទ្វីបកូរ៉េ តាមរយៈការបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងជាថ្មី មកកាន់តំបន់ក្បែរដែនទឹកឧបទី្វបកូរ៉េ។
គួរបញ្ជាក់ថា កូរ៉េខាងជើង មិនបានធ្វើសកម្មភាពបង្ករឿង អស់រយៈពេលជាង ៥០ថ្ងៃ មកហើយ គិតចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលហោះរំលងប្រទេសជប៉ុន កាលពីខែកញ្ញា កន្លងទៅ៕