(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងឲ្យដឹងថា ជំរឿនប្រជាពលរដ្ឋនៅកម្ពុជា ត្រូវបានពន្យារទៅធ្វើនៅឆ្នាំ២០១៩ជំនួសវិញ ដោយសារតែឆ្នាំ២០១៨ ជាឆ្នាំដែលកម្ពុជាត្រូវមមាញឹករៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។ លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានគូសបញ្ជាក់ដូច្នេះក្រោយកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីមន្រ្តីមកពីបណ្តាក្រសួងពាក់ព័ន្ធជាច្រើនផ្សេងទៀត។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានគូសបញ្ជាក់ឲ្យដឹងផងដែរថា ជំរឿននៅឆ្នាំ២០១៩នេះ ត្រូវប្រើថវិកាជាង ៨លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋ ហើយការចំណាយនេះមានចំនួនច្រើនជាងជំរឿននៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ដែលចំណាយត្រឹមតែជាង ៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ បើតាមលោក ឆាយ ថន ការចំណាយកើនច្រើនជាងការធ្វើជំរឿននាពេលកន្លងទៅ ដោយសារតែចំនួនប្រជាពលរដ្ឋកើនឡើងច្រើន ហើយការប្រើប្រាស់មន្រ្តីចុះធ្វើជំរឿន ក៏ច្រើនជាងមុនផងដែរ។
ជំរឿនប្រជាពលរដ្ឋលើកទី៣ ដែលនឹងចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ២០១៩នេះ នឹងត្រូវប្រើមន្រ្តីរហូតដល់ទៅ ៤៧,០០០នាក់ ហើយប្រើរយៈពេលតែ ១៣ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឆាយ ថន។
លោក ឆាយ ថន ក៏បានគូសបញ្ជាក់ពីសារៈប្រយោជន៍នៃការធ្វើជំរឿននេះផងដែរ។ លោកថា ការធ្វើជំរឿនប្រជាជននឹងជួយឲ្យមានមានទិន្នន័យរបស់ប្រជាពលរដ្ឋកាន់តែច្បាស់លាស់ សម្រាប់រៀបចំផែនការក្នុងការអភិវឌ្ឍ និងធ្វើការសម្រេចចិត្តផ្សេងៗទៀត។
បើតាមការប៉ានស្មានរបស់លោក ឆាយ ថន ចំនួនប្រជាពលរដ្ឋនៅកម្ពុជាក្នុងឆ្នាំ២០១៩អាចកើនឡើងរហូតដល់ ១៦លាននាក់៕