(ភ្នំពេញ)៖ លោក​ ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ បានត្អូញត្អែរអំពីភាពហត់នឿយក្នុងការធ្វើនយោបាយក្នុងវ័យចាស់ជរា។ នៅឯវិមានរដ្ឋសភា ក្រោយពេលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ថ្ងៃនេះ លោក ប៉ុល ហំម បានបញ្ជាក់ថា លោកមិនខ្វល់ពីការរំលាយគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែលោកអះអាង យ៉ាងច្បាស់ថា លោកនឹងលាឈប់ពីនយោបាយ ហើយចូលនិវត្តន៍ពីនយោបាយក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនាពេលខាងមុខ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភា​នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ប៉ុល ហំម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំចាស់ណាស់ទៅហើយ រំលាយបក្ស ឬមិនរំលាយគឺខ្ញុំដល់ពេលចូលនិវត្តន៍ហើយ ព្រោះខ្ញុំអាយុជាង៧០ហើយ ទុកកន្លែងឱ្យក្មេងៗគេធ្វើ»

នៅពេលដែលសួរថា ក្រោយរំលាយគណបក្សនេះ សមាជិកគណៈកម្មាធិការនាយក និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ អាចប្រឈមនឹងការផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ លោកគិតយ៉ាងម៉េចនោះ? លោក ប៉ុល ហំម បានបញ្ជាក់ថា៖ «បើច្បាប់កំណត់អញ្ចឹង ក៏អញ្ចឹងទៅ ប៉ុន្តែសម្រាប់ខ្ញុំ បើទោះបីជាមិនឱ្យខ្ញុំធ្វើនយោបាយ ក៏ដល់ពេលដែលខ្ញុំ ត្រូវលាឈប់ដែរហើយ គឺត្រូវរ៉ឺត្រែតហើយ ជាង៧០ឆ្នាំហើយ»

បើតាម អនុប្រធានគណបក្សសង្រ្គោះជាតិខាងលើ, រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មិនទាន់បានប្រជុំគ្នាពិភាក្សាអំពីការរំលាយគណបក្សសង្រ្គោះជាតិនៅឡើយទេ។

សូមបញ្ជាក់ថា តុលាការកំពូល នឹងបើកសវនាការកាត់ទោសលើសំណុំរឿង រំលាយគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ក្នុងអំឡុងសប្តាហ៍ក្រោយនេះ បន្ទាប់ពីគណបក្សប្រឆាំងពុំបានដាក់ឯកសារ ដើម្បីឆ្លើយតបទៅនឹងដើមបណ្តឹងក្រសួងមហាផ្ទៃ។

បើតាមខ្លឹមសារ នៃច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី បានបង្ហាញថា ក្នុងករណីដែលគណបក្សនយោបាយនេះត្រូវបានរំលាយ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកបក្សសង្គ្រោះជាតិមកពីកូតាបក្សសម រង្ស៊ី និងសិទ្ធិមនុស្សចំនួនប្រហែល១១០នាក់ ដកសិទ្ធិធ្វើនយោបាយនៅកម្ពុជា រយៈពេល៥ឆ្នាំផងដែរ។

ដោយឡែកចំពោះតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រប​ស់ គណបក្សសង្រ្គោះជាតិពេលនេះ កំពុងតែផ្លាស់ប្តូរជីវភាពនយោបាយ ដោយផ្តាច់ចេញពីគណបក្សសង្រ្គោះជាតិ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ រហូតដល់ពេលនេះ មានតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសង្រ្គោះជាតិ ៦៩រូបហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕