(ភ្នំពេញ)៖ ការជក់បារី ផ្តល់ផលវិបាកយ៉ាងច្រើនដល់សុខភាព អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ហើយបើតាមការស្រាវជ្រាវមួយផ្សេងទៀតបានឲ្យដឹងថា មនុស្សដែលឈប់ជក់បារីនៅអាយុ ៤០ឆ្នាំ អាចបង្កើនអាយុបាន ១០ឆ្នាំទៀត ដោយការឈប់ជក់បារីនៅពាក់កណ្ដាលវ័យ អាចបញ្ចៀសការស្លាប់មុនអាយុជាងអ្នកជក់ដល់ទៅ ៩០ភាគរយ។
ក្នុងវគ្គបំប៉ន ស្តីពីការអនុវត្តបរិស្ថាន ទីក្រុងគ្មានផ្សែងបារី ថ្មីៗនេះ នៅសាលាខណ្ឌមានជ័យ លោកមា សុភាព បានថ្លែងថា ផ្សែងបារី ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារីថែមទៀត ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ហើយក្រសួងកំពុងស្វែងរកកិច្ចសហការពីបណ្ដាក្រសួងស្ថាប័នរដ្ឋនានា ចូលរួមបង្កើតកន្លែងធ្វើការគ្មានផ្សែងបារី នៅគ្រាដែលរដ្ឋាភិបាល ក៏បានជំរុញឱ្យមានការអនុវត្តវិធានការនេះឱ្យបាននៅទូទាំងប្រទេស។ ការចូលរួមបង្កើតទីកន្លែងធ្វើការក្នុងស្ថាប័នរបស់ខ្លួនគ្មានផ្សែងបារី ជាប្រយោជន៍ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកបានបន្តថា «ផលិតផលថ្នាំជក់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកជក់ និងអ្នកស្រូបផ្សេងបារីពីគេ ហើយនៅកម្ពុជាជាមនុស្សប្រមាណ៣០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ សម្រាប់ថ្នាំជក់ជាឃាតករលាក់មុខ ហើយវាជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ យើងសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែក ក្នុងការកសាងសមត្ថភាព អាជ្ញាធរមានសមត្ថកិច្ចបានមួយកម្រិតទៀត ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងដើម្បីចូលរួមកែប្រែរាជធានីភ្នំពេញជាទីក្រុងគ្មានផ្សែងបារី ពិសេស ទីក្រុងគ្មានផ្សែងបារី គឺសំដៅ ដល់ការហាមមិនឲ្យជក់បារីនៅកន្លែងដែលមានដំបូល ក្រៅពីកន្លែងដែលមានដំបូល អ្នកជក់មានសិទ្ធិជក់។ ដោយឡែកកន្លែងមួយចំនួនដូចជា សាលារៀន វត្តអារាម រមណីយដ្ឋានប្រវត្តិសាស្រ្ត គ្រឹះស្ថានសុខាភិបាល សួនកុមារ កន្លែងងាយឆាបឆេះ ជាដើម ត្រូវបានហាមឃាត់មិនឲ្យជក់ក្នុងបរិវេណទាំងស្រុង»។
ក្នុងបណ្តាប្រទេសអាស៊ាន មានទីក្រុងជាច្រើនដែលបានប្រកាសថា ទីក្រុងគ្មានផ្សែងបារី រួចហើយ ដូចជា ទីក្រុងម៉ាឡាកា ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី វៀងចន្ទន៍ ហ្លួងប្រាបាង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទីក្រុងហាយឡុង ហ៊័យអាន ប្រទេសវៀតណាម ខេត្តក្រាបី ប្រទេសថៃ ទីក្រុងម៉ាកាទី ក្រុងអីឡូអីឡូ ប្រទេសហ្វីលីពីន ជាដើម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ដែលជំរុញឲ្យស្ថាប័នរដ្ឋបង្កើតទីកន្លែងគ្មានផ្សែងបារីនេះឡើង។ ក្រៅពីនេះលោកបានស្នើទៅរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវបង្កើតជាគោលនយោបាយច្បាស់លាស់ ដើម្បីគ្រប់ដណ្ដប់ការហាមជក់បារីឲ្យបានទូលំទូលាយ។ ចាប់ពីកន្លែងធ្វើការទៅដល់ភោជនីយដ្ឋាន មធ្យោបាយធ្វើដំណើរសាធារណៈ សួនកុមារ និងកន្លែងសាធារណជនដទៃទៀតប្រមូលផ្ដុំគ្នា ។ល។ ត្រូវបានហាមឃាត់ក្នុងការជក់បារី ហើយបើអ្នកចង់ជក់បារី ត្រូវប្រើប្រាស់ទីសាធារណៈ ដែលគ្មានមនុស្ស ចៀសវាងប៉ះពាល់ដល់អ្នកដទៃ។ ការអនុវត្តការហាមឃាត់ការជក់បារីនៅតាមកន្លែងធ្វើការរដ្ឋ និងទីសាធារណៈ គឺជាកាតព្វកិច្ចដែលកម្ពុជា ត្រូវតែអនុវត្តទៅតាមមាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជាបានផ្តល់សច្ចាប័នចូលជាសមាជិកតាំងពីឆ្នាំ២០០៥។
មាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ បានចែងថា រាល់ភាគីនីមួយៗជាសមាជិក គឺត្រូវមានវិធានការច្បាស់លាស់ពីការការពារប្រជាពលរដ្ឋរបស់ខ្លួនពីការស្រូបផ្សែងបារី និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។
កញ្ញា ម៉ក់ ទេវិន ប្រធានគម្រោងនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ស្ថិតិនៃការខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដោយក្នុងនោះនៅឆ្នាំ២០១៣ កម្ពុជាមានអ្នកជក់បារីសរុប ប្រមាណ១,៤៧៨,១១៣ ឬជិត១,៥លាននាក់ ក្នុងនោះប្រុស៣៩ភាគរយ និងស្រី៣,៤ភាគរយ ហើយការជក់បារី បណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ១ម៉ឺននាក់បានស្លាប់ ជារៀងរាល់ថ្ងៃដោយសារជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយចំណាយទៅលើការទិញបារី ស្មើនឹង២០០លានដុល្លារ។ នៅឆ្នាំ២០១៣ គ្រាន់តែចំណាយទៅលើការព្យាបាលជំងឺ៥មុខស្នើនឹង១៦២លានដុល្លារ។
[Forwarded from Leakhena Soy]
គួរឲ្យដឹងផងដែរថា ក្រសួងសុខាភិបាល ព្រមានផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមិនអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពី ការបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ទំហំ៥៥% បានចូលជាធរមាន តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួន ពុំទាន់អនុវត្តបានពេញលេញនៅឡើយ។
បន្ថែមលើសពីនេះទៀត គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅមិនទាន់គោរពបានលើវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែង ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេ ដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្រោមរូបភាពជាច្រើនដូចជាតាមរថយន្ត និងក្រុមស្រ្តីចល័តជាដើម ដោយឡែកចំពោះការដាក់តាំងផលិតផលថ្នាំជក់តាមកន្លែងលក់វិញ ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅតែបន្តដាក់តាំងទូលក់ផលិតផលមិនត្រឹមត្រូវតាមប្រកាសរបស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយ ហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ ដោយវាមានទំហំធំ និងពណ៌ខុសពីការកំណត់របស់ក្រសួង ដោយសារធុងទាំងនោះ មានរូបភាពផ្សាយពាណិជ្ជកម្មបារីជាពណ៌ ជាមិត្តសញ្ញាក្រុមហ៊ុនជាដើម។ ក្រសួងសុខាភិបាល ក៏បានព្រមានដល់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់ កុំឲ្យបន្តរំលោភច្បាប់ទៀត។ ក្នុងករណីមិនគោរពលិខិតព្រមាននេះ ក្រសួងសុខាភិបាលនឹងធ្វើការផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ដែលល្មើសទាំងនេះ ដូចមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាធរមាននាពេលខាងមុខឆាប់ៗនេះ។
បើតាមការស្រាវជ្រាវបានឲ្យដឹងថា ការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីអាចធ្វើឲ្យអ្នកគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។ ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារីអាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ៕