(ភ្នំពេញ)៖ មន្រ្តីតុលាការជាន់ខ្ពស់មួយរូប បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងកាន់តែច្បាស់ថា នាយកខុទ្ទកាល័យនៃក្រសួងមួយ កំពុងរត់ការដើម្បីលុបដីកាចាប់ខ្លួន អ្នកគ្រប់គ្រងជនជាតិចិន២នាក់ ដែលត្រូវតុលាការចេញដីកាចាប់ពីបទ «ក្លែងបន្លំ»។

មន្រ្តីតុលាការជាន់ខ្ពស់ដែលស្និទនឹងបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា នាយកខុទ្ទកាល័យរូបនោះកំពុងបំពានអំណាចតុលាការ។ ករណីនេះប្រហែលជា នាយកខុទ្ទកាល័យរូបនោះទទួលបានលាភសក្ការៈក្រាស់ក្រែល​ ពីភាគីម្ខាងទៀតហើយមើលទៀត។ ដូច្នេះសូមអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន សុំជួយពិនិត្យមើលលើសំណុំរឿងនេះផង។

សូមជំរាបថា ដីការបស់តុលាការខេត្តពោធិ៍សាត់បានសន្និដ្ឋានថា ជនទាំងពីរខាងលើ មានសកម្មភាព «ក្លែងបន្លំ» ដែលមានស្ថានភាពធ្ងន់ធ្ងរ យោងតាមមាត្រា៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌហើយបានសម្រេចបង្គាប់ឲ្យចាប់ខ្លួន។

អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់ពីខាងក្រុមហ៊ុន Green Leader Holdings Group Limited បាននៅឡើយនោះទេ ជុំវិញការចេញដីកាចាប់ខ្លួននេះគិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្រុមហ៊ុនដែលជាដើមបណ្តឹង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងខែសីហាឆ្នាំនេះសាលាដំបូងខេត្តពោធិ៍សាត់បានទទួលបណ្ដឹង និងបន្ទាប់ពីធ្វើការ ស៊ើបអង្កេត និងស៊ើបសួររួច យល់ឃើញថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានជាប់ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំ» ។ ចាប់ពីថ្ងៃទី៨ ខែកញ្ញា រហូតមក តុលាការបានចេញដីកាជាច្រើនរួមមាន ដីកាបញ្ជូនសំណុំរឿងឲ្យស៊ើបសួរ និងដីកាបង្គាប់ឲ្យចាប់ខ្លួន ។ល។ ដោយយល់ឃើញថា មានភស្ដុតាងបញ្ជាក់ថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានសកម្មភាពក្លែងបន្លំលើកិច្ចព្រមព្រៀងសហការ ជាមួយនឹងក្រុមហ៊ុនកម្ពុជាក្នុងស្រុក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍ របស់ក្រុមហ៊ុនក្នុងស្រុក។ ការប្តឹងនិងឈានដល់ការចេញដីកាចាប់ខ្លួននេះ ដោយក្រុមហ៊ុននេះមានទីផ្សារភាគហ៊ុនមិនល្អឡើយនៅហុងកុង និងដោយសារការ រាយការណ៍ក្លែងក្លាយអំពីស្នាដៃ និងការប្រើប្រាស់ ឧបាយកលឆបោកនានា ក៏កើតមានវិវាទជាច្រើនជាមួយក្រុមហ៊ុន ក្នុងស្រុកបណ្ដាលឲ្យរងការចោទប្រកាន់ និងប្ដឹងផ្ដល់។

សូមជំរាបថា ក្រុមហ៊ុន Green Leader Holdings Group Limited ដើមឡើយ គឺជាក្រុមហ៊ុន North Asia Resource Holdings Limited ជាក្រុមហ៊ុនចូលទីផ្សារភាគហ៊ុន នៅហុងកុង ដែលដំបូងឡើយគឺធ្វើការអភិវឌ្ឍ ធនធានរ៉ែ នៅប្រទេសចិន ហើយប៉ុន្មានឆ្នាំថ្មីៗនេះបានចូលមកប្រទេសកម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនក្នុងស្រុកធ្វើការដាំដុះ និងកែច្នៃដំឡូងមី៕