(ម៉ិចស៊ីកូស៊ីធី)៖ គំរោងកសាងជញ្ជាំងព្រំដែនរបស់ លោក ដូណាល់ ត្រាំ ដើម្បីបែងចែកសហរដ្ឋអាមេរិក ជាមួយនឹងម៉ិចស៊ីកូ ប្រកបដោយសុវត្ថិភាពបំផុតនោះ ត្រូវបានមន្ត្រីជំនាញនៃអង្គការសហប្រជាជាតិ (UN) អះអាងថា នឹងបង្កមហន្តរាយដល់បរិស្ថាន ព្រមទាំងបញ្ហានានាមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ចន ណុក (John Knox) អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីសិទ្ធិមនុស្ស និងបរិស្ថានបានលើកឡើងថា «ជញ្ជាំងព្រំដែននោះ នឹងបង្កមហន្តរាយក្រោមហេតុផលនានាដាច់ដោយឡែកពីគ្នា... ហើយមួយក្នុងចំណោមហេតុផលទាំងនោះ គឺវានឹងបង្កឲ្យមានមហន្តរាយដល់បរិស្ថានក្នុងកម្រិតណាមួយតែម្តង។ ជីវៈចំរុះ និងប្រព័ន្ធអេកូឡូស៊ី មិនបានខ្វាយខ្វល់អំពីជញ្ជាំងនយោបាយនោះឡើយ ដោយពួកគេនឹងមិនឈប់នៅកន្លែងដែលជញ្ជាំងកសាងនោះឡើយ»។
គួរបញ្ជាក់ថា លោក ណុក បានថ្លែងដូចខាងលើនេះ គឺចង់សំនៅទៅលើពពួកសត្វព្រៃ ឬជីវៈចំរុះ ដែលតែងតែធ្វើដំណើរ និងរកចំណីទៅតាមផ្លូវធម្មជាតិ ដោយមិនដែលខ្វាយខ្វល់ពីព្រំដែននោះឡើយ ហើយបើសិនជាមានការឃាំង ដោយជញ្ជាំងបិទជិត ដែលមិនអាចសូម្បីតែមើលគ្នាឃើញនោះ វានឹងធ្វើឲ្យសកម្មភាពធម្មជាតិរបស់ពពួកសត្វទាំងនោះ ត្រូវរារាំង។ ដូច្នេះមន្ត្រីជំនាញ UN រូបនេះសង្ឃឹមថា «នឹងមិនមានការកសាងជញ្ជាំងព្រំដែន រវាងអាមេរិក-ម៉ិចស៊ីកូឡើយ»។
សម្រាប់គំរោងកសាងជញ្ជាំងព្រំដែននេះ គឺជាផែនការធំមួយ ដែលលោក ដូណាល់ ត្រាំ បានសន្យាទៅប្រជាពលរដ្ឋអាមេរិក តាំងពីមុនពេលបោះឆ្នោតមកម្ល៉េះ ហើយជញ្ជាំងដែលគ្រោងសាងសង់រាប់ពាន់គីឡូម៉ែត្ររវាងអាមេរិក និងម៉ិចស៊ីកូ នោះ គឺមានកម្ពស់រហូតដល់ទៅ ០៩ម៉ែត្រ ដោយវានឹងក្លាយជាជញ្ជាំងដ៏រឹងមាំ ដែលអាចការពារការលួចចូលពីជនអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀនផងដែរ៕