ព័ត៌មានបន្ថែម ជុំវិញករណីឃាតកម្ម ប្ដីអារ.កសម្លាប់ប្រពន្ធ, ជនសង្ស័យជាប្ដីទើបចេញពីគុកបានកន្លះខែ ទើបមករស់នៅផ្ទះកើតហេតុបាន៥ថ្ងៃ ក៏កើតរឿងឃាតកម្ម
07-11-2017 09:03
(ភ្នំពេញ)៖ ករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីបានអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកប្តីតិរិច្ឆានរូបនោះ បានអារ.កសម្លាប់ខ្លួនឯង តាមក្រោយតែមិនស្លាប់ ត្រឹមតែរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បុរសជាប្ដីទើបចេញពីពន្ធនាគារកន្លះខែតែប៉ុណ្ណោះ ហើយក៏ទើបតែរស់នៅបន្ទប់ជួលកើតហេតុបាន៥ថ្ងៃ។
នគរបាលខណ្ឌពោធិ៍សែន បានបញ្ជាក់ថា ជនសង្ស័យជាប្តីឈ្មោះ ចាន់ ជីវី អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិខាងលើ ហើយជន
សង្ស័យទើបចេញពីពន្ធនាគាបានកន្លះខែប៉ុណ្ណោះ ដោយឡែកជនរងគ្រោះ ជាប្រពន្ធស្លាប់ នៅក្នុងបន្ទប់មិនទាន់ស្គាល់អត្តសញ្ញាណ
នៅឡើយ ព្រោះទើបមកនៅជាមួយប្តីបាន៥ថ្ងៃ។
សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុម្ចាស់ផ្ទះជួល ឮសូរសំលេងប្រតាយប្រតប់គ្នា នៅបន្ទប់កើតហេតុក៏ចេញទៅមើល ក៏បានឃើញជនសង្ស័យ កំពុងអារ.កប្រពន្ធរបស់ខ្លួន ម្ចាស់ផ្ទះក៏បានរាយការណ៍ មកនគរបាលប៉ុស្តិ៍ ពេលកម្លាំងប៉ុស្តិ៍ទៅដល់ជនសង្ស័យបានរត់ឡើងទៅលើដំបូលផ្ទះ ដោយយកកូនកាំបិតចាក់កខ្លួនឯង រួចលោតពីលើតំបូលចុះមកក្រោមសន្លប់តែម្តង។ ចំណែកមូលហេតុដែលនាំឲ្យមានករណីនេះឡើង មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់នៅឡើយទេ។
ប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ គេឃើញមានវត្តមាន លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងនគរបាលជំនាញ ចុះទៅដល់កន្លែងកើតហេតុ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ៕