(តាកែវ)៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ នៅតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែកបាក់ជាបន្តបន្ទាប់ ដោយប្រកាសដើរចេញ ហើយមកចូលរួមជាមួយគណបក្ស កាន់អំណាចដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលការប្រកាសដើរចេញ ដោយស្ម័គ្រចិត្តទាំងនេះ បានកើតមានឡើង បន្ទាប់ពីពួកគេបានមើលឃើញ ពីទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈឃ្លីបវីដេអូ ដោយធ្វើតាមបញ្ជារបស់អាមេរិក ចង់បំផ្លាញជាតិសាសន៍ខ្លួនឯង។

ជាក់ស្តែងនៅថ្ងៃនេះ សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយគឺ លោក ខ្លូត សូរ អាយុ៥៩ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផ្ញើជូន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ លោក ខ្លូត សូរ បានបញ្ជាក់ថា «លោក កឹម សុខា និងបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបំរើពួកអាយ៉ងបរទេស គឺដើម្បីតែអំណាច មិនគិតពីមហន្តរាយដល់ជាតិ មាតុភូមិ នេះហើយជាអំពើក្បត់ជាតិ ក្បត់ប្រជាជនឯងតែម្តង»

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)