(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានលើកឡើងថា អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នឹងមានអគាររដ្ឋបាលថ្មីសម្រាប់ធ្វើការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលការងារកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ជាក់ស្ដែងនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ឯម កុសល បាន​ដឹកនាំគណស្នងការ និង​អធិការនគរបាលស្រុក-ក្រុង មកចូលរួមក្នុងពិធីក្រុងពាលីសាងសង់អាគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលមានទំហំបណ្ដោយ​18.80ម៉ែត្រ ទទឹង​8.80ម៉ែត្រ ធ្វើអំពីថ្ម, ឥដ្ឋ ប្រក់ក្បឿង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការសាងសង់អាគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលបាននិងកំពុងដំណើរ
ការសាងសង់នាថ្ងៃនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់នូវ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានទាំងក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរ​បាលជាតិ ដែលបានលើកគម្រោងជួយកសាងអគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ឲ្យមានកន្លែងធ្វើការសមរម្យជាអង្គភាពរដ្ឋបាល។

ទន្ទឹងនឹងអគារថ្មីដែលកំពុងដំណើរការនេះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ទៅកាន់មន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំបំពេញការងារជូនពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដោយមិនត្រូវធ្វើឲ្យមានការថ្នាំងថ្នាក់ ជាមួយប្រជាពលរដ្ឋនោះឡើយ៕