(ភ្នំពេញ)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) បានចេញរបាយការណ៍ ស្ដីពីលទ្ធផលប្រតិបត្តិការរយៈពេល ៩ខែដើមឆ្នាំ២០១៧ ដោយបង្ហាញឲ្យឃើញនូវការធ្លាក់ចុះបន្តិច នៃប្រាក់ចំណេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្រុមហ៊ុនក៏ប្រកាសអំពីយុទ្ធសាស្ត្រ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោក ដើម្បីអភិវឌ្ឍការបង្កើតថ្មី និងវិនិយោគលើអាជីវកម្មថ្មី តាមរយៈទុនពាណិជ្ជកម្មលំដាប់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងអាជីវកម្មឆ្លើយតបទៅនឹងការវិវត្តន៍ផ្នែកឌីជីថល។
លោក Roongrote Rangsiyopash ប្រធាន និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្ម សម្រាប់ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៧ ដោយក្នុងនោះប្រាក់ចំណូលពីការលក់បានកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំទឹកប្រាក់ ១២,៨០៣ពាន់លានរៀល (៣,១៧៣ លានដុល្លារ)ហើយបើធៀប នឹងត្រីមាសទីពីរវិញ គឺបានកើនឡើង៣% ដែលលទ្ធផលនេះ ក៏ដោយសារតែការលក់បានច្រើនជាងមុនក្រោមអង្គភាពអាជីវកម្មទាំងអស់។ ជាលទ្ធផល ប្រាក់ចំណេញក្នុងរយៈកាលនេះ មានទំហំ ១,៥៥៩ ពាន់លានរៀល (៣៨៦ លានដុល្លារ) គឺបានធ្លាក់ចុះ១៦% បើធៀបនឹងឆ្នាំមុន ដោយសារតែទ្រព្យសកម្មជាពន្ធពន្យារ នៅត្រីមាសទី៣ ឆ្នាំ២០១៦ នោះគឺស្មើនឹងទឹកប្រាក់ ២១៧ពាន់លានរៀល (៥៣ លានដុល្លារ) បន្ថែមលើកម្រិតប្រាក់ចំណេញតិចពីឧស្សាហកម្មគីមី ដែលបានធ្លាក់ចុះ ១១% បើធៀបនឹងត្រីមាសមុន ដែលនេះ គឺដោយសារតែភាគលាភតាមរដូវកាល ពីការវិនិយោគ កាលពីត្រីមាសមុនមានកម្រិតទាប។
ប្រាក់ចំណេញរបស់ SCG ក្នុងរយៈកាល ៩ខែដើមឆ្នាំ២០១៧នេះ គឺមានចំនួន ៣,៥៦៣ពាន់លានរៀល (១,២៣៩លានដុល្លារ) គឺបានធ្លាក់ចុះ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែមានការប្រកួតប្រជែងខ្លាំង និងការធ្លាក់ចុះនៃទីផ្សារក្នុងប្រទេសថៃ សម្រាប់អាជីវកម្មស៊ីម៉ង់ត៍ និងបរិក្ខារសំណង់។ ប៉ុន្តែ ក្នុងរយៈពេលនេះ ប្រាក់ចំណូលពីផ្នែកលក់វិញ បានកើនឡើង ៤% ដោយប្រាក់ចំណូលមានទំហំ ៣៩,៨៦៥ ពាន់លានរៀល (៩,៨៤៩ លានដុល្លារ) ដែលបង្ហាញឲ្យឃើញពីតម្លៃខ្ពស់សម្រាប់សារធាតុគីមី។ ប្រាក់ចំណូលពីការនាំចេញ គឺមានចំណែក ២៧% នៃប្រាក់ចំណូលផ្នែកលក់សរុប របស់ SCG ដែលចំនួននេះ គឺមានការកើនឡើង ៥% បៀធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដោយមានទំហំទឹកប្រាក់ ២៦,១៧៤ ពាន់លានរៀល (២,៦៥៩ លានដុល្លារ)។
ក្រុមហ៊ុន SCG ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) នៅតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីផ្នែកលក់របស់ ក្រុមហ៊ុន SCG នៅត្រីមាសទី៣ ឆ្នាំ២០១៧ គឺមានទំហំទឹកប្រាក់ ៣,២៨៦ ពាន់លានរៀល (៨០៧ លានដុល្លារសហរដ្ឋអាមេរិក) ដែលមានកំណើន ១០% ហើយចំនួននេះមានចំណែកស្មើនឹង ២៤% ធៀបនឹងប្រាក់ចំណូលសរុបពីផ្នែកលក់របស់ក្រុមហ៊ុន SCG។ ប្រាក់ចំណូលនេះគឺរាប់បញ្ចូលពីការលក់ដោយប្រតិបត្តិការក្នុងទីផ្សារអាស៊ានមួយៗ និងការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃ។
គិតត្រឹមថ្ងៃទី៣០កញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន SCG មានទ្រព្យសកម្មសរុប ៦៧,៨០៩ ពាន់លានរៀល (១៦,៨៦៦លានដុល្លារ) ដែលក្នុងនោះ ២៥% ឬគិតជាទឹកប្រាក់ស្មើនឹង ១៧,១៧៧ ពាន់លានរៀល (៤,២៧៣ លានដុល្លារ) ស្ថិតនៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ)។
ក្រុមហ៊ុន SCG នៅក្នុងទីផ្សារកម្ពុជា ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន SCG នៅត្រីមាសទី៣នៃឆ្នាំ២០១៧ មានទំហំទឹកប្រាក់ ៣៤២ ពាន់លានរៀល (៨៤ លានដុល្លារ) ដែលប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ នៅ៩ខែដើមឆ្នាំ២០១៧ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន SCG នៅកម្ពុជា គឺមានទំហំទឹកប្រាក់ ១,០២៧ ពាន់លានរៀល (២៥៤ លានដុល្លារ)។
លោក Roongrote បានថ្លែងថា៖ សម្រាប់រយៈកាល៩ខែ នៃឆ្នាំ២០១៧ ប្រាក់ចំណូលរបស់ក្រុមហ៊ុន SCG ដែលបានមកពីការលក់ផលិតផល និងសេវាបន្ថែមលើតម្លៃខ្ពស់ (HVA) គឺមានទំហំទឹកប្រាក់ ១៥,៤៣៦ពាន់លានរៀល (៣,៨១៤ លានដុល្លារ) ដែលបានកើនឡើង ៧% ធៀបនឹងឆ្នាំមុន និងមានចំណែក ៣៩% នៃប្រាក់ចំណូលពីការលក់សរុប។ ក្នុងរយៈពេលនេះដែរ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង ២៨៣ពាន់លានរៀល (៧០ លានដុល្លារ) ឬស្មើនឹង០.៧% នៃប្រាក់ចំណូលពីការលក់ ទៅលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)៕