(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា នៅថ្ងៃនេះ អង្គការ NPA ដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់ បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិកបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួន មកស៊ីម៉ាក់ចាប់ពីដើម ខែមករា ឆ្នាំ២០១៨តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ។
លោក ហេង រតនា បានបញ្ជាក់ថា ថវិកាជំនួយនោះគឺជាជំនួយសម្រាប់បោសសំអាតគ្រាប់បែករបស់អាមេរិក ដែលទំលាក់លើទឹកដីខ្មែរ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបីគ្មានថវិកានេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់ នៅបន្តប្រតិបត្តិការនេះដដែលមិនដកថយឡើយ។
លោក ហេង រតនា បានបញ្ជាក់ថា កន្លងមកស៊ីម៉ាក់ និងភាគីអាមេរិក (ក្រសួងការបរទេសអាមេរិក) បានឯកភាពគ្នាក្នុងការគាំទ្រកំលាំងស៊ីម៉ាក់ឲ្យជួយបោសសំអាត គ្រាប់សំណល់ជាតិផ្ទុះ របស់សហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា មានដូចជា គ្រាប់បែកទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធទណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត។ កិច្ចប្រតិបតិ្តការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អាមេរិកនេះ បាននិងកំពុងទទួលលទ្ធផល និងប្រសិទ្ធិភាពយ៉ាងល្អប្រសើរ។
លោក ហេង រតនា បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះការសម្រេចរបស់អាមេរិកយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាង តល់ក្រហល់នេះ ជាពិសេសទន្ទឹមពេលដែលកម្ពុជា កំពុងរុករកឃើញ និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិកដែលរដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវ។
ខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក មេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ ព្រោះថាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនឹង មិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ»។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូដទៃទៀត ធានារ៉ាប់រងផ្តល់ថវិកាគាំទ្រកិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ឲ្យនៅដដែល ជំនួសថវិការបស់អាមេរិក ដែលផ្តាច់ជំនួយចំពោះកិច្ចប្រតិបតិ្តការមនុស្សធម៌របស់ស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់សហរដ្ឋអាមេរិក។
អគ្គនាយករូបនេះ បានថ្លែងថា «ខ្ញុំបានទទួលការណែនាំ និងអនុសាសន៍ពី សម្តេចអគ្គមហាសេនាបធិតីតេជោ ប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់ និងសូមជំរាបជូនកំលាំងស៊ីម៉ាក់ ដែលកំពុងប្រតិបតិ្តការទាំងអស់ ដែលស្ថិតក្រោមគំរោងគាំទ្រ ដោយថវិកាអាមេរិកជ្រាបថា កំលាំងទាំងអស់នឹងត្រូវរក្សាឲ្យបន្តកិច្ចប្រតិបតិ្តការដដែល ដោយរាជរដ្ឋាភិបាលរួមជាមួយដៃគូដទៃទៀត នឹងដាក់ថវិកាជំនួស ថវិការបស់អាមេរិកដែលបានកាត់ផ្តាច់នេះ ចាប់ពីដើមខែមករា ឆ្នាំ២០១៨តទៅ»។
លោក ហេង រតនា បានបន្ថែមទៀតថា «ខ្ញុំបាទតាងនាមមន្ត្រីបុគ្គលិកស៊ីម៉ាក់ ស្ថិតនៅក្រោមគំរោងនៃការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ក៏ដូចប្រជាពលរដ្ឋ សូមសំដែងនូវដឹង គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវិធានការយ៉ាងរឹងមាំ របស់សម្តេចតេជោ ក្នុងការធានាសេចក្តីសុខសុវតិ្ថភាព របស់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជារងការគំរាមកំហែង ពីគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់ជាប្រភពដើម របស់អាមេរិកទំលាក់នៅកម្ពុជា ដូចជាគ្រាប់បែកធំៗទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់បែកជាអាវុធគីមីជាដើម។ល។»។
សូមជម្រាបថា ការសំរេចចិត្តផ្តាច់ជំនួយយ៉ាងតក់ក្រហល់របស់អាមេរិក ចំពោះសកម្មភាពបោសសម្អាត កាកសំណល់មិនទាន់ផ្ទុះ របស់ខ្លួនទម្លាក់លើទឹកដីខ្មែរនេះ ធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីជំនាញរបស់កម្ពុជា ប្រតិកម្មខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អាមេរិក ដែលចាត់ទុកគ្រាប់បែកគីមីនៅខេត្តស្វាយរៀង ត្រឹមជាឧស្ម័ន បង្ហូរទឹកភ្នែក ដែលការលើកឡើងនេះ ទង្វើមិនទទួលខុសត្រូវមួយ ចំពោះអំពើខុសឆ្គងរបស់ខ្លួនធ្វើមកលើប្រជាជនកម្ពុជា ខណៈមន្ត្រីជំនាញរបស់កម្ពុជា រកឃើញថា គ្រាប់បែកគីមីនោះ ជាប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែលមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម៕