(អូស្ត្រាលី)៖ ក្នុងកិច្ចសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ នាសប្តាហ៍កន្លងទៅនេះ លោក Mathias Cormann រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្ត្រាលី បានថ្លែងថា អូស្ត្រាលីនឹងគាំទ្រដល់ការកសាងសមត្ថភាពមន្រ្តី និងការកសាងច្បាប់លិខិតបទដ្ឋាននានាពាក់ព័ន្ធពាណិជ្ជកម្មនៅកម្ពុជា។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្រ្តាលី ពីការរីកចម្រើនជាទូទៅរបស់កម្ពុជា ជាពិសេសស្ថិរភាពនយោបាយ ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចខ្ពស់ មានភាពទាក់ទាញខាងវិនិយោគ និងទេសចរណ៍។
លោករដ្ឋមន្រ្តី បានជម្រាបទៀតថា លើឆាកអន្តរជាតិ កម្ពុជាតែងគាំទ្រសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងកម្រិតតំបន់ និងពិភពលោក ហើយបច្ចុប្បន្នកម្ពុជាគឺជាប្រទេសសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន័តិចតួចនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើសុំលោករដ្ឋមន្រ្តីហិរញ្ញវត្ថុអូស្រ្តាលី ទស្សនកិច្ចនៅកម្ពុជានៅវេលាសមស្របណាមួយ ដើម្បីមើលឃើញពីការរីកចម្រើន និងស្នើឲ្យជួយជំរុញក្រុមហ៊ុនអូស្រ្តាលីមកវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានបានស្នើសុំអូស្រ្តាលីជួយគាំទ្រដល់ការកសាងសមត្ថភាពមន្រ្តី និងការកសាងច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធនឹងការប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និង E-Commerce ហើយក៏បានស្នើឲ្យភាគីអូស្រ្តាលី ផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តការសន្យារបស់កម្ពុជាក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
ភាគីអូស្រ្តាលីបានឆ្លើយតបថា អូស្រា្តលីវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលខាងវិស័យពាណិជ្ជកម្មកម្ពុជាទទួលបាន និង មានទស្សនៈដូចគ្នានឹងកម្ពុជាដែរ ក្នុងការគាំទ្រដល់សេរីភាវូបនីយកម្មពាណិជ្ជកម្មក្នុងកម្រិតតំបន់ និងពិភពលោក ហើយបានសន្យាថា នឹងបន្តធ្វើការជាមួយកម្ពុជាក្នុងការជំរុញឲ្យការចរចា RCEP ឲ្យឈានដល់ទីបញ្ចប់ឲ្យបានឆាប់បំផុត ទន្ទឹមនឹងនេះដែរ នឹងរួមគ្នាជាមួយកម្ពុជាដើម្បីធ្វើឲ្យសន្និសីទលើកទី១១ នៃរដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោកនាខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តទៅប្រកបដោយជោគជ័យសម្រាប់សមាជិកទាំងអស់៕