(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោក បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានស្រុកបាធាយ ដោយដកហូតបានវត្ថុតាងជាច្រើនដើម្បីដុតបំផ្លាញចោល។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកបានចាត់បញ្ជាលោកអធិការនគរបាលស្រុកបាធាយ ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយសមត្ថកិច្ចជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចស្ពានត្រោះ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជាលា។
បើតាមលោកស្នងការ ជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន១៣មាត់, របាំងស្បៃមុង ប្រវែង៦៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន១៩៥ដើម, និងចាក់លែងកូនត្រីចម្រុះ ចំនួន១៩,៥គីឡូក្រាម។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕