(ភ្នំពេញ)៖ អាចចាត់ទុកថា ជាមេរៀនមួយសម្រាប់ប្រជាពលរដ្ឋ ព្រោះមានករណីប្រើប្រាស់ប័ណ្ណកម្មសិទ្ធិក្លែងក្លាយ បោកប្រាក់រាប់ពាន់ដុល្លារ រួចគេចវេសមិនព្រមសងជាច្រើនខែ នាំឲ្យម្ចាស់បំណុលទ្រាំមិនបាន សម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការ។
ករណីនេះ កើតឡើងចំពោះ លោក ហុក គន្ធារោ អ្នកជារកស៉ីជួយលោះប្លង់កម្មសិទ្ធិ ត្រូវបានមនុស្សមួយក្រុមរៀបចំគម្រោង ប្រើប្រាស់ប័ណ្ណកម្មសិទ្ធិក្លែងក្លាយបោកយកប្រាក់៧,០០០ដុល្លារអាមេរិក។
លោក ហុក គន្ធារោ បានរៀបរាប់ពីដំណើររឿងឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ មានឈ្មោះ ផុន សភាវី ភេទស្រី និងឈ្មោះ សុខ សាវឿន ភេទស្រី បានទំនាក់ទំនងជាមួយលោក សុំជួយឲ្យលោះប្លង់ដីរបស់ពួកគាត់ ដែលបានដាក់បញ្ចាំនៅឈ្មោះ ហេង សុខេង (ឯកជន) តម្លៃ៧,០០០ដុល្លារអាមេរិក (ប្រាំពីរពាន់ដុល្លារអាមេរិក) យកមកដាក់ក្នុងធនាគារវិញ ដើម្បីយកលុយបានច្រើនជាង និងមករកស៊ីផ្ទាល់ខ្លួនផង។
លោកបន្តថា ចំពោះការលោះប្លង់នេះ អ្នកទាំងពីរបានអះអាងថា នឹងប្រគល់ប្រាក់មកឲ្យលោកវិញ ក្នុងរយៈពេលមួយសប្ដាហ៍ ដោយពួកគាត់ឲ្យការប្រាក់ចំនួន៤៥០ដុល្លារអាមេរិក។ ក្រោយមករូបលោកបានយកប្រាក់ចំនួន៧,១៤០ដុល្លារអាមេរិក ទៅលោះយកប្លង់ដីនោះ។ ប៉ុន្តែត្រូវឈ្មោះ ផុន សុភាវី និងឈ្មោះ សុខ សាវឿន យកប្លង់ដី និងឯកសាររបស់គាត់មកទុកនៅនឹងលោកសិន ដោយប្រាប់ថា ខាងធនាគារមិនឲ្យខ្ចីប្រាក់ទេ។
ដោយមានការសង្ស័យ លោក បានស្រាវជ្រាវ ទើបដឹងការពិតថា ឈ្មោះ ផុន សភាវី និងឈ្មោះ សុខ សាវឿន បានឃុបឃិតជាមួយឈ្មោះ ផុន សុមិនា ជាប្អូនប្រុសរបស់ឈ្មោះ ផុន សភាវី និងត្រូវជាកូនបង្កើតឈ្មោះ សុខ សាវឿន បោកប្រាសរូបលោក ដោយម្ខាងដើរតួជាអ្នកសុំលោះយកប្លង់ និងម្ខាងទៀតដើរតួរជាអ្នកយកប្លង់ពីកន្លែងដែល ដាក់បញ្ចាំខដោយធ្វើយ៉ាងណា ដើម្បីកុំឲ្យលោក មានមន្ទិលសង្ស័យទៅលើអ្នកទាំងបី ប៉ុន្តែជាក់ស្តែងពួកគេជាគ្រួសារតែមួយ។
លោក ហុក គន្ធារោ បន្តថា លុះដល់ថ្ងៃកំណត់១សប្ដាហ៍ពួកគាត់ មកសុំអង្វរពន្យារពេលសង់ប្រាក់ ទើបតម្រូវឲ្យធ្វើលិខិតខ្ចីប្រាក់ ដោយឈ្មោះ សុខ សុខផល (ប្ដីរបស់ឈ្មោះ ផុន សុភាវី) និងឈ្មោះ សុខ សារ៉ាត ជាអ្នកធានា។ ប៉ុន្តែដោយសារពួកគេគេចវេសមិនព្រមសងប្រាក់ ទើបរូបលោក សម្រេចដាក់ពាក្យប្តឹងអ្នកទាំងនោះ ពាក់ព័ន្ធជាការផ្សំគំនិតឆបោក ជាប្រព័ន្ធ រួមនឹងបានក្លែងឯកសារសាធារណៈ ដោយប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីក្លែងក្លាយ។
លោកបន្តទៀតថា បន្ទាប់មកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឈ្មោះ ផុន សុភាវី មកសួរនាំករណីនេះ រហូតដល់៤៨ម៉ោង ទើបបញ្ជូនទៅតុលាការ។ តុលាការក៏អនុញ្ញាតឲ្យ ឈ្មោះ ផុន សុភាវី នៅក្រៅឃុំ ដោយគ្រាន់តែតម្កល់ប្រាក់១,០០០ដុល្លារប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក សាន សុផាត ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានលិខិតជូនដំណឹងអំពីបិទនីតិវិធីស៉ើបសួរ ក្នុងសំណុំរឿងលេខ ៦០៨ ណ ព្រ.ទ។
ជាមួយគ្នានេះ លោក ហុក គន្ធារោ ដែលជាជនរងគ្រោះដោយសារការឆបោក ក្លែងឯកសារសាធារណៈនេះ សំណូមពរចំពោះស្ថាប័នតុលាការ ផ្តល់ភាពយុត្តិធម៌ឲ្យរូបលោក ផ្តន្ទាសទោសអ្នកក្លែងឯកសារទាំងនោះតាមច្បាប់ ដើម្បីកុំឲ្យប្រឹព្រឹត្តអំពើបែបនេះទៀត។
ពាក់ព័ន្ធករណីនេះ Fresh News មិនទាន់អាចទំនាក់ទំនង ឈ្មោះ ផុន សុភាវី និងក្រុមគ្រួសារ ដើម្បីបញ្ជាក់ករណីនេះឡើយទេ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕