(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូកទើបតែបញ្ចប់ ការតុបតែងរចនាទីកន្លែងនានា មានភាពស្រស់ស្អាតគួរជាទីស្ងើចសរសើរ ប៉ុន្តែរូបភាពដែលអាចទទួលយកបាននោះ គឺសំរាមដ៏កុះករពេញផ្លូវ ពេញមាត់ទន្លេ ធ្លាក់ចូលក្នុងទឹកទន្លេថែមទៀត។ ប្រជាពលរដ្ឋដែលទៅទស្សនាព្រះរាជពិធីបុណ្យនេះ មានភាពសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែហេតុអ្វីក៏ពួកគាត់នៅតែមិនទាន់ភ្ញាក់រឭកអំពីរឿងទុកដាក់សំរាមរបស់ខ្លួនសោះឡើយ ពួកគាត់មួយចំនួនមិនបានយកកាកសំណល់ សំរាមទៅដាក់ក្នុងធុងសំរាមនោះឡើយ បែរជាបោះចោលពាសពេញបរិវេណព្រះរាជពិធីបុណ្យដ៏មានអត្ថន័យនេះទៅវិញ។
បញ្ហាសំរាមក្រោយពិធីបុណ្យនេះជារឿងមួយ មួយវិញទៀត មនុស្សចង់បានខ្លាំងណាស់ ការរស់នៅស្អាត ការបរិភោគមានអនាម័យ បរិស្ថានរស់នៅស្អាតបរិសុទ្ធ ទេសភាពខៀវស្រងាត់ស្រស់បំព្រង ប៉ុន្តែមនុស្សខ្លួនឯងបែរជាបោះចោលសំរាម កាកសំណល់ពាសវាលពាសកាល ដោយមិនគិតពីផលប៉ះពាល់ទៅថ្ងៃអនាគត មិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ រួមទាំងខ្លួនឯងផងដែរ រហូតមានពេលខ្លះបរិភោគអាហារហើយ ផឹកទឹក ឬភេសជ្ជៈហើយ បោះចោលកញ្ចប់ សំបក ដប ថង់ប្លាស្ទិក ឬកាកសំណល់នានានៅតាមទីសាធារណៈ មានសាលារៀន ដងផ្លូវ មាត់ទន្លេ សមុទ្រ ព្រៃភ្នំ ទីវត្តអារាម វាលស្រែ ឬតំបន់ទេសចរណ៍នានាជាដើម ខណៈដែលខ្លួនឯងចង់បានអ្វីដែលហៅថា «ស្អាត និងបៃតង»។
ទាំងនេះបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនទាន់យល់ពីតម្លៃបរិស្ថាន មិនទាន់ភ្ញាក់ស្មារតីគាំពារបរិស្ថាន ខណៈដែលពួកគាត់ក៏បានដឹងពីផលប៉ះពាល់របស់សំរាម និងកាកសំណល់ទាំងនោះដែរ។
គួរខ្មាសអៀនជនបរទេស និងភ្ញៀវទេសចរអន្តរជាតិទេ ដែលពួកគេមកទស្សនាកម្ពុជាហើយ ដើររើសសំរាមលើទឹកដីកម្ពុជាទៀត ធ្វើតម្រាប់ប្រាប់ប្រជាពលរដ្ឋកម្ពុជា ឲ្យចេះស្រលាញ់បរិស្ថានទៀត? តើពួកគេទើសភ្នែកប៉ុណ្ណា ពេលឃើញសំរាមនៅពាសពេញដី ពាសពេញផ្លូវ ទីសាធារណៈ ហើយគ្មានពលរដ្ឋណាហ៊ានយកដៃទៅរើសវាចេញ ទៅទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ? តើពួកគេរិះគន់ចំពោះប្រជាពលរដ្ឋកម្ពុជាយ៉ាងណា ពេលឃើញប្រជាពលរដ្ឋកម្ពុជាបរិភោគអាហារនំចំណីហើយ បោះចោលលើទឹកដីខ្លួនឯងដែលកំពុងមានសម្រស់ទាក់ទាញបែបនេះ? តើនៅពេលភ្ញៀវបរទេសទាំងនោះចាកចេញពីកម្ពុជាវិញ គេផ្សព្វផ្សាយយ៉ាងណាពីអត្តចរិត ប្រជាពលរដ្ឋកម្ពុជា ក្នុងរូបភាពទទួលខុសត្រូវចំពោះសំរាមរបស់ខ្លួន? តើពួកគេមកទស្សនាកម្ពុជាម្ដងទៀត ឬផ្សព្វផ្សាយឲ្យសាច់ញាតិ មិត្តភក្តិពួកគេមកកម្ពុជាទៀតទេ នៅពេលសំរាមកំពុងពូនគរនៅកម្ពុជាយ៉ាងដូច្នេះ។
មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលមិនបានគិតគូរដិតដល់ចំពោះបញ្ហាសំរាម សូម្បីសិស្សានុសិស្សដែលកំពុងទន្ទិញមេរៀនចាំមាត់ពីការស្រលាញ់ និងគាំពារបរិស្ថាន ក៏ដូចជារបៀបទុកដាក់សំរាមក្នុងសាលារៀងរាល់ថ្ងៃនោះ ក៏មានសិស្សមួយចំនួនបោះចោលសំរាម កាកសំណល់ពាសពេញសាលា ពាសពេញផ្លូវដូចតែគ្នាដែរ តើនេះឬដែលជាមេរៀនដែលពួកគេបានសិក្សានៅសាលា?
ថង់ប្លាស្ទិកទម្រាំរលាយបាត់ យ៉ាងហោចណាស់ក៏៥០ឆ្នាំឡើងទៅដែរ ពោលអាយុវាវែងជាងអាយុមនុស្សទៅទៀត ដែលពួកវានេះហើយជាអ្នកបំពុលដី បំពុលទឹក សម្លាប់ជីវចម្រុះក្នុងដី ក្នុងទឹក បំផ្លាញផលដំណាំ បង្កជំងឺដល់មនុស្សតាមរយៈខ្យល់ដង្ហើម ហើយមនុស្សក៏មិនចង់បានបែបនេះដែរ តែនៅតែបោះចោលថង់ក្នុងទឹក បោះចោលលើដី ពិសេសទិញ ឬលក់របស់របរអ្វីបន្តិចក៏ដាក់ថង់ដែរ ដល់ពេលប្រើប្រាស់រួចបោះចោលស្រេចតែចិត្ត។
តំបន់ទេសចរដ៏សែនស្រស់ស្អាត ប្រៀបបាននឹងទេពបុប្ផាសួគ៌ាល័យ ប៉ុន្តែសំរាម ថង់ប្លាស្ទិកនៅរួមរិតប្រាណទេពបុប្ផាទាំងនោះទាំងយប់ទាំងថ្ងៃ ខណៈប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងមន្ត្រីអនុរក្សមើលមិនឃើញអ្វីសោះ អ្នកលក់គិតតែពីយកលុយ អ្នកទេសចរគិតតែពីសប្បាយ គិតតែពីញ៉ាំ តែមិនបានគិតពីការទុកដាក់កាក់សំណល់របស់ខ្លួនឡើយ។
ប្រជាពលរដ្ឋមួយចំនួន ក្នុងផ្ទះខ្លួនឯងស្អាត គ្មានសូម្បីតែស្លឹកឈើមួយសន្លឹក តែបែរជាជះទឹកកខ្វក់ទៅលើផ្លូវ បោសសំរាមចោលទៅលើផ្លូវសាធារណៈ ស្ទះលូស្ទះទឹក លិចទីធ្លារផ្ទះខ្លួនឯង ហើយស្រែកថា អាជ្ញាធរមិនយកចិត្តទុកដាក់ រិះគន់រាជរដ្ឋាភិបាល ខណៈមន្ត្រីខ្លះមិនដែលទៅអើរពើរពីបញ្ហានេះផងដែរនោះ។
ប្រជាពលរដ្ឋមួយចំនួន ឈឺច្រើន សុខភាពមិនល្អ ខ្យល់ដង្ហើមអាប់អួរ ខាតបង់ថវិកាក្នុងការព្យាបាលជំងឺ តែចូលចិត្តចោលសំរាមក្នុងទឹកប្រឡាយ ចោលសំរាមតាមផ្ទះ ថែមទាំងរិះគន់គេដទៃទៀត ប៉ុន្តែខ្លួនឯងក៏ចោលសំរាមដូចតែគេដែរ យូរៗទៅមនុស្ស និងសំរាម «ដូចផ្កាយ និងព្រះខែ» ដូចគេនិយាយថា «មនុស្សទៅដល់កន្លែងណា សំរាមមាននៅកន្លែងនោះដែរ»។
មិត្តអ្នកអានបានលើកឡើងថា អត្ថបទរិះគន់មួយនេះ មិនមានន័យរិះគន់ចំពោះបុគ្គលណាម្នាក់នោះទេ គ្រាន់តែដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋខ្មែរទូទៅឲ្យភ្ញាក់ស្មារតីឡើង ព្រោះសំរាមមិនងាយរលាយបាត់ដូចទឹកលើគូទចាននោះទេ វាមិនទាន់ហួសពេលឡើយ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថានរបស់យើង ហើយជម្រុះចោលឲ្យអស់អ្វីដែលជាភាពមិនទទួលខុសត្រូវចំពោះសំរាមរបស់ខ្លួន ពីព្រោះបើយើងចោលសំរាម វាមិនត្រឹមតែប៉ះពាល់ដល់យើងទេ មនុស្សជំនាន់ក្រោយរបស់យើងនឹង កាន់តែរងផលប៉ះពាល់ជាងយើងទៅទៀត ហើយទៅអនាគតសំរាមនឹងបែរមកសម្លាប់មនុស្សនៅលើផែនដីនេះ តាមរយៈការបំផ្លាញអ្វីៗទាំងអស់ដែលមាននៅលើផែនដី រួមទាំងមនុស្សយើងផងដែរ។
សូមចូលរួមឲ្យបានផុសផុលជាមួយចលនាសម្អាតទីក្រុង ក៏ដូចជាធ្វើវាដោយខ្លួនឯង ចាប់ផ្ដើមពីម្នាក់ឡើងទៅ ប្រទេសកម្ពុជាយើងនឹងកាត់បន្ថយសំរាម បរិស្ថានរស់នៅស្អាត មានផាសុកភាព សុខភាពល្អ ទេសភាពស្រស់បំព្រង ភ្ញៀវទេសចរនឹងចាប់អារម្មណ៍មកទស្សនាកម្ពុជាកាន់តែច្រើន ប្រជាពលរដ្ឋទទួលបានចំណូលកាន់តែច្រើន។
ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសមានជាង ១៥លាននាក់ បើពលរដ្ឋខ្មែរម្នាក់រើសសំរាម១ក្នុងមួយថ្ងៃ នោះកម្ពុជានឹងអស់សំរាមជាង ១៥លាននាក់ ក្នុងមួយថ្ងៃៗដែរ៕