(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែតុលានេះថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ៥០ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ខណៈដល់តែ៣ថ្ងៃទៀតប៉ុណ្ណោះការចុះឈ្មោះត្រូវបានបញ្ចប់។
ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន៥០០,២៧៤នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕