(ត្បូងឃ្មុំ)៖ ថ្លែងស្វាគមន៍ទៅកាន់បវរកញ្ញាពិភពលោក មកពី៦៥ប្រទេសរួមទាំងកម្ពុជាផងដែរនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្ដិភាពពាសពេញផ្ទៃប្រទេស បានអនុញាតឲ្យបវរកញ្ញាពិភពលោកទាំងអស់ អាចដើរហើរបានដោយសេរី មិនមានការព្រួយបារម្ភអ្វីឡើយ ដែលនេះ សបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាគ្មានបញ្ហាអ្វីទេ គឺប្រទេសនេះមានសុខសន្ដិភាព សុវតិ្ថភាព ពាសពេញផ្ទៃប្រទេស។
ថ្លែងយ៉ាងដូច្នេះរបស់ លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញទទួលប្រតិភូបវរកញ្ញាពិភពលោក (Miss Global 2017) ដែលធ្វើដំណើរទៅកាន់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើសកម្មភាពបំផុសចលនា គាំពារបរិស្ថានជាមួយប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការទទួលស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ ជាមួយនឹងស្នាមញញឹម ប្រកបដោយភាពកក់ក្ដៅ លោកអភិបាលខេត្តបានថ្លែងអំពីភាពសប្បាយរីករាយ របស់ប្រជាជនកម្ពុជា ដែលមានសុខសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យនេះ មានសុខសន្ដិភាព ដូចសព្វថ្ងៃ។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា គឺសប្បាយ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ សន្ដិភាពមានទូលទាំងប្រទេស គឺមិនមែនមានតែនៅស្រុកអូរាំងឪនេះទេ ប្រសិនបើបវរកញ្ញាទាំងអស់ចង់អញ្ជើញទៅតំបន់ផ្សេងៗ ក៏អាចធ្វើដំណើរទៅបាន ដោយមិនមានការបារម្ភ។ ទាំងនេះហើយ គឺបញ្ជាក់ពីការដឹងនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។
លោកអភិបាលខេត្តបានចាត់ទុកថា វត្តមានរបស់បវរកញ្ញាទាំង៦៥ប្រទេសនៅកម្ពុជា នៅពេលនេះ គឺជាសាក្សីមួយនៅពេលដែលពួកគាត់ត្រលប់ ទៅកាន់ប្រទេសរបស់ខ្លួនវិញ អាចចែករំលែកនូវព័ត៌មាន នៃការរស់នៅជាក់ស្ដែងរបស់ប្រជាជនកម្ពុជា ជាមួយសុខសន្ដិភាព ប្រាប់ពិភពលោក។
សូមជម្រាបថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានបានដឹកនាំបវរកញ្ញាមកពី៦៥ប្រទេស ឆ្ពោះទៅកាន់ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីបំផុសចលនាកិច្ចគាំពារបរិស្ថាន ជាមួយនឹងសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសចុះទៅកាន់ខេត្តត្បូងឃ្មុំ បវរកញ្ញាឯកទាំង៦៥ប្រទេសក៏ដាំដើមឈើ ជានិមិត្តរូបរបស់ខ្លួននៅកម្ពុជា ហើយពួកគេក៏បានចុះស្វែងយល់ដោយផ្ទាល់ ពីជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកអូរាំងឪផងដែរ៕