(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាមម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក នួន ឆេងស្រី អាយុ៦៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីមុន ខ្ញុំបាទនឹកស្មានដល់ការតស៊ូដណ្តើមអំណាច តាមរយៈការបោះឆ្នោត និងតាមរយៈរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែក្រោយពីរូបបាន ឃើញឃ្លីបវីដេអូ និងសកម្មភាពជាក់ស្តែង នៃការញុះញង់បំបែកបំបាក់ខ្មែរជាពីរដែលលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាល បម្រើបរទេស គឺដើម្បីអំណាច មិនគិតពីមហន្តរាយរបស់ប្រទេសជាតិ មាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
ជាមួយគ្នានេះលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក៏បានទទួលលោក នួន ឆេងស្រី សមាជិកគណបក្សថ្មី យ៉ាងរាក់ទាក់ជាទីបំផុតផងដែរ។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ (សូមស្តាប់ប្រសាសន៍សម្តេច)