(ព្រះសីហនុ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ខាងលើនេះ គ្រោងចំណាយថវិកាជាង៦លានដុល្លារ សម្រាប់គម្រោងរហូតបញ្ចប់ ប៉ុន្តែថវិកាមិនអាចបំពេញតាម តម្រូវការជាក់ស្តែងនោះទេ ដូច្នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមអំពាវនាវដល់សប្បុរសជននានា និងដៃគូពាក់ព័ន្ធចូលរួមបរិច្ចាគបន្តទៀត។ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្រាប់អគាររដ្ឋបាលទើបតែសាងសង់បានប្រមាណ១០ភាគរយប៉ុណ្ណោះ។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានពិនិត្យមើលដំណើរការសាងសង់អគាររដ្ឋបាល ការតបណ្តាញអគ្គិសនី ការឈូសឆាយដី ការរៀបចំប្រពន្ធលូ ផ្លូវ ដែលការសាងសង់នេះទទួលបានថវិកា ពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីការលក់ឡៃឡុងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងមួយផ្នែកទៀត ទទួលបានសប្បុរសជនតាមរយៈមូលនិធិ ជួយសង្រ្គោះអ្នកញៀនគ្រឿងញៀន។
លោក កៅ ខុនដារ៉ា បានធ្វើការណែនាំឲ្យភាគីទទួលសាងសង់ត្រូវពង្រឹងគុណភាពសាងសង់ និងដំណើរការសាងសង់បានឆាប់រហ័ស ដើម្បីឲ្យគម្រោងការសង់សង់នេះឆាប់បានបញ្ចប់ហើយមណ្ឌលឆាប់បានដំណើការទទួលជនរងគ្រោះ។
សូមបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលទាំងមូលទទួលបានថវិកាពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធ ពីសម្បុរសជន និងអាចទទួលបានថវិកាជំនួយពីភាគីវៀតណាម និងភាគីថៃ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណកម្មការកសាងមជ្ឈមណ្ឌល និងលោក ង្វៀន ជុងដាម អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើកំណត់កិច្ចពិភាក្សាការងារសាងសងមជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍។
ភាគីទាំងពីរ បានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
ទី១៖ការកសាងមជ្ឈមណ្ឌលនេះ មានគោលបំណងផ្តល់នូវសេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ និងធានាគុណភាព និរន្តរភាព នូវប្រសិទ្ធភាព គោរពគោលការណ៍គោរពសិទ្ធិមនុស្ស និងផ្អែកលើវិទ្យាសាស្រ្ត និងភ័ស្តតាងជាមូលដ្ឋាន។
ទី២៖គម្រោងថវិកាចំនួន៣លានដុល្លា គឺអាទិភាពលើការងារសាងសង់អគារសម្រាប់ការស្នាក់នៅ របស់អ្នកញៀនគ្រឿងញៀន និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ
ទី៣៖ភាគីទាំងពីរធ្វើការងារដោយសហការយ៉ាងជិតស្និទ្ធ ក្រោមស្មារតីសាមគ្គី រវាងគ្នានឹងគ្នា និងខិតខំពន្លឿនការរៀបចំនិងអនុវត្តគម្រោងនេះឲ្យបានឆាប់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ តាមការគ្រោងគម្រោងផែនការសាងសង់ គឺមានទំហំទឹកប្រាក់ជាង៦លានដុល្លារ ដែលត្រូវការចូលរួមជាចាំបាច់ពីសំណាក់ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនជាតិ និងអន្តរជាតិ៕