(ភ្នំពេញ)៖ តើវាសនារបស់បក្សសង្គ្រោះជាតិអាចនឹងបន្តរស់រានមានជីវិតយូរប៉ុណ្ណាទៀត ខណៈសល់មិនដល់១០ថ្ងៃទៀតទេ តុលាការកំពូលនឹងបើកសវនាការលើបណ្តឹង ក្រសួងមហាផ្ទៃ លើការស្នើសុំរំលាយបក្សសង្គ្រោះជាតិចោលដោយក្រសួងមហាផ្ទៃ បានបង្ហាញភស្តុតាងនៃអំពើល្មើសច្បាប់ជាច្រើន ដែលមានលក្ខណៈធ្ងន់ធ្ងរដែលអាចប៉ះពាល់ ដល់សន្តិភាព សន្តិសុខ និងឯករាជភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាទណ្ឌិត សម រង្ស៊ី ខំចេញតាមហ្វេសប៊ុកនិយាយកុហកប្រជាជនខ្មែរ ថានឹងមិនមានការរំលាយបក្សសង្គ្រោះជាតិក៏ដោយ ក៏ដំណើរការអនុវត្តនីតិវិធីច្បាប់ចំពោះគណបក្ស ដែលឃុបឃិតនឹងបរទេសមិនអាចបញ្ចប់បានដែរ។ បើសិនជា សម រង្ស៊ី ថានឹងមិនមានការរំលាយបក្សសង្គ្រោះជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញភស្តុតាង ហួសពីវិមតិសង្ស័យលើអំពើក្បត់ជាតិជាលក្ខណៈប្រព័ន្ធរបស់បក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំបក្សនេះរួចទៅហើយ។ បើទណ្ឌិត សម រង្ស៊ី ថាបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ នោះ សម រង្ស៊ី កំពុងតែជឿជាក់លើបរទេសក្នុងភាពយល់សប្តិ ថានឹងអាចជួយសង្គ្រោះជីវិតបក្សខ្លួនបាន។ បើដូច្នេះទណ្ឌិត សម រង្ស៊ី កំពុងដើរតួនាទីជំនួសឱ្យចៅក្រមនៃតុលាការកំពូល និងកំពុងយកអធិបតេយ្យភាពជាតិខ្មែរដាក់ក្រោមបាតជើងបរទេស និងចង់ទាញ ប្រជាជនកម្ពុជាជាង១៥លាននាក់ ឱ្យឱនក្បាលបម្រើបរទេស ជឿលើបរទេសដូចខ្លួន។
ប៉ុន្តែទណ្ឌិត សម រង្ស៊ី កុំភ្លេចថា សកម្មភាពទាំងឡាយរបស់ខ្លួន ផ្សារភ្ជាប់ជាមួយបក្សសង្គ្រោះជាតិ ហើយក្រុមតំណាងរាស្ត្រ និងសមាជិកបក្សសង្គ្រោះជាតិទាំងឡាយដែល កំពុងតែធ្វើសកម្មភាពកៀងគរសម្ពាធប្រទេសមួយចំនួន ដើម្បីគាបសង្កត់ខ្មែរគឺ កំពុងតែកសាងភស្តុតាងថ្មីៗបន្ថែមទៀតដាក់បន្ទុកលើទង្វើក្បត់ជាតិរបស់ខ្លួន និងកាន់តែធ្វើ ឱ្យគណបក្សសង្គ្រោះជាតិកាន់តែរលាយឆាប់តែប៉ុណ្ណោះ។ ភាគីដើមចោទរាជរដ្ឋាភិបាលកម្ពុជាពិតជាមានជំនឿថា តុលាការកំពូលនឹងសម្រេចសេចក្តី តាមអ្វីដែលខ្លួនស្នើសុំ ខណៈបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនអើពើនឹងអ្វីដែលតុលាការបានផ្តល់ឱកាសក្នុងការការពារខ្លួន តាមនីតិវិធីច្បាប់នៅចំពោះមុខតុលាការ។
គណបក្សនេះមិនបានដាក់ឯកសារ ភស្តុតាងទៅតាមការកំណត់របស់តុលាការកំពូលឡើយ។ លើសពីនេះទៀត ទំនងគណបក្សសង្គ្រោះជាតិក៏នឹងមិនបញ្ចូនមេធាវី ទៅការពារក្តីដែរ។ ការណ៍នេះកាន់តែបញ្ជាក់ច្បាស់ថា គណបក្សសង្គ្រោះជាតិបានលះបង់សិទ្ធិរបស់ខ្លួន និងមិនរវីរវល់នឹងការផ្តល់សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងមិនគោរពសិទ្ធិ នៃជំនុំជម្រះដោយយុត្តិធម៌ ដែលតុលាការផ្តល់ឱ្យស្មើៗគ្នាឡើយ។ នេះពិតជាចេតនាមួយរបស់បក្សសង្គ្រោះជាតិ ដើម្បីទម្លាក់កំហុសមកលើប្រព័ន្ធតុលាការ និងរង់ចាំញុះញង់ ប្រជាពលរដ្ឋ និងសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ខណៈខ្លួនបានលះបង់នូវសិទ្ធិទាំងអស់នេះ។
បើគណបក្សសង្គ្រោះជាតិនឹងត្រូវតុលាការកំពូលសម្រេចរំលាយ តាមការស្នើសុំដូចក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ។ តើថ្នាក់ដឹកនាំបក្ស សង្គ្រោះជាតិណាខ្លះ ដែលនឹងត្រូវប្រឈមមុខនឹងការដកសិទ្ធិធ្វើនយោបាយ? សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានស្នើសុំ។ ទី១-សម្រេចរំលាយគណបក្ស សង្គ្រោះជាតិតាមបញ្ញត្តិមាត្រា៤៤ ថ្មី(ពីរ) នៃ ច្បាប់ស្តីពីគណបក្សនយោបាយ និងទី២-ហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា ៤៥ ថ្មី កថាខណ្ឌទី៣ នៃច្បាប់ស្តីពី គណបក្សនយោបាយ។
ថ្នាក់ដឹកនាំគណបក្សគឺសំដៅលើគណៈអចិន្ត្រៃយ៍គណបក្ស និងគណៈកម្មាធិការ កណ្តលគណបក្សដែលសមាជិកទាំងនេះមានសិទ្ធិក្នុងការអនុម័ត ចេញសេចក្តីសម្រេច និងដាក់បញ្ជា ដាក់ចុះនូវគោលនយោបាយ កម្មវិធីនយោបាយផ្សេងៗក្នុងនាមបក្សដើម្បីឱ្យសមាជិកជាអ្នកអនុវត្ត។ តាមរយៈ សម្តីសារភាពរបស់ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ខ្លួនរួមនឹងបក្សទាំងមូលបានឃុបឃិតជា មួយអាមេរិកដើម្បីផ្លាស់ប្តូររបប និងមេដឹកនាំស្របច្បាប់នៅកម្ពុជាដោយយកគំរូតាមបដិវត្តន៍នៅ ប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។ កឹម សុខា ក៏បានសារភាពថាគោលនយោបាយបក្សខ្លួន រួមនឹងយុទ្ធ សាស្ត្រមួយចំនួនត្រូវបានជួយរៀបចំដោយសាស្ត្រាចារ្យមកពីអាមេរិក និងកាណាដា ដែលនេះគឺបំពា នឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៧ បានចែង «គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្ស នយោបាយ ឬរដ្ឋាភិបាលបរទេស»។ មិនតែប៉ុណ្ណោះ អង្គការបរទេសបានបង្រៀនសមាជិកជាន់ខ្ពស់ នៃបក្សនេះអំពីរបៀបនៃការធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាព នៃការតវ៉ាប្រឆាំងនឹង លទ្ធផលបោះឆ្នោត និងបង្កើតចលាចលផ្សេងៗនៅក្នុងប្រទទេស រួមនឹងការ បញ្ជូនកម្លាំងយុវជនទៅរៀនជាសម្ងាត់នៅក្រៅប្រទេសអំពីការធ្វើបដិវត្តន៍ក្រោមលេសការផ្លាស់ប្តូរ ជាវិជ្ជមានដើម្បីសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
នេះមានន័យថាទាំងសមាជិកនៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកបក្សគឺទទួលឥទ្ធិពលរបស់បរទេស និងឃុបឃិតជាមួយ បរទេសដើម្បីអនុវត្តនយោបាយបំផ្លាញ ផលប្រយោជន៍ខ្មែរ។ យោងតាមបញ្ជីឈ្មោះថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០១២ សមាសភាពគណៈអចិន្ត្រៃយ៍បក្ស សង្គ្រោះជាតិមានចំនួន ២៦ រូប ក្នុងនោះកូតាមកពីគណបក្ស សម រង្ស៊ី មានចំនួន ១៥ រូប និងកូតាមក ពីគណបក្សសិទ្ធិមនុស្សមាន ចំនួន ១១ រូប។
ចំណែកសមាសភាពគណៈកម្មាធិការនាយកគណបក្សទាំងអស់ មានសមាជិកចំនួន១២៥រូប ក្នុងនោះកូតាមកពីគណបក្ស សម រង្ស៊ី មានចំនួន ៦៧ រូប និងកូតា មកពីគណបក្សសិទ្ធិមនុស្សចំនួន៥៧រូប។ រហូតមកទល់ពេលនេះសមាជិកចំនួន ១២ នាក់បាន លាលែង ខ្លះចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងអ្នកខ្លះ ទៀតស្លាប់។ គួរឱ្យកត់សម្គាល់ផង ដែរថាអ្នកវិភាគតាមហ្វេសប៊ុក សូរ សមយុទ្ធ មានឈ្មោះពិត ឡុង គឹមឃម ដែលមានជំងឺតួឯកតាំងខ្លួនជាអ្នកស្នេហាជាតិ គិតជាតិ ស្ថិតនៅក្នុងលេខរៀងទី ១០២ នៃបញ្ជីឈ្មោះគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិមកពីកូតាបក្សសិទ្ធិមនុស្ស។
ក្តីរំពឹងថា បក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោលគឺច្បាស់ស្ទើរតែ១០០%រួចស្រេចទៅហើយ ព្រោះភស្តុតាងមានណែននៅក្នុងដៃដោយសារតែអំពើក្បត់ជាតិ ដែលបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំបក្សនេះបានធ្វើមានច្រើនរាប់មិនអស់ និងបង្ហាញដោយចំហរថែមទៀត។ ដូច្នេះយោងតាមច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី កថាខណ្ឌទី៣ ចែងថា «ក្នុងករណីដែលគណបក្សនយោបាយត្រូវ បានរំលាយតុលាការអាចស្រេចហាមឃាត់ការធ្វើសកម្មភាពរបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះសម្រាប់រយៈពេល ៥ ឆ្នាំបាន។ អ្វីដែលគេប៉ាន់ស្មាន បន្ទាប់ពីមានអ្នកលាលែង និងខ្លះប្តូរជីវភាពបក្ស សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកបក្សសង្គ្រោះជាតិ មកពីកូតាបក្សសម រង្ស៊ី និងសិទ្ធិមនុស្សចំនួនប្រហែល១១០នាក់នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ ដកសិទ្ធិធ្វើនយោបាយនៅកម្ពុជា។
ប៉ុន្តែវិធីស្រោចស្រង់អ្នកទាំងនេះបានគឺតាមរយៈទ្វាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានបើករួចជាស្រេចរង់ចាំស្វាគមន៍ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ពួកគេមានពេលពីថ្ងៃនេះដល់មុនថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីរួចផុតពីការដកសិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ តាមរយៈការចាកចេញពីគណបក្សសង្គ្រោះជាតិ។ ចំណែកឯក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិអាចបន្តតំណែងបាន បន្ទាប់ពីបានមកចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា ពីព្រោះបងប្អូនមិនគួរត្រូវបានរងគ្រោះ ដោយសារតែអំពើក្បត់ជាតិរបស់ថ្នាក់ដឹកនាំដែលបងប្អូនមិនបានដឹងទាល់តែសោះអំពីរឿងទាំងនេះ។
ទាំងនេះគឺជាការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះទី២របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលកម្លាំងពីផ្សេងៗចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារខ្មែរតែមួយ ដែលពោរពេញទៅដោយអ្នកស្នេហាជាតិ អ្នកការពារសន្តិភាព និងអ្នកអភិវឌ្ឍជាតិ និងរួមគ្នាទប់ស្កាត់ និងបង្រ្កាប ឧទ្ទាមទីក្រុងដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍ របស់កម្ពុជាតាមរយៈបដិវត្តន៍ពណ៌។ នយោបាយឈ្នះ-ឈ្នះ ទី១ត្រូវបានអនុវត្តប្រកបដោយភាពជោគជ័យនៅទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បី រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងនាំយកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា និងបន្តការអភិវឌ្ឍប្រទេសរីកចម្រើនដូច សព្វថ្ងៃនេះ៕
ដោយ៖ ចៅចាក់ស្មុក