(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ពិធីអបអរសារទរថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ នឹងធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហាន ជាមេបញ្ជាការ មេបញ្ជាការរង ពីគ្រប់ស្ថាប័ន កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ និងសិក្ខាកាមវិទ្យាស្ថានកងទ័ពជើងគោក ព្រមទាំងមន្រ្តីរាជការ អាជ្ញាធរដែនដីជាច្រើនរូប ពីខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបានឯករាជ្យភាពពេញបរិបូរណ៌នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការនិងកងកម្លាំង បារាំង បានចាកចេញពីទឹកដីនៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើត អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក។
កងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្ត ព្រមទាំងការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពារសុខសន្តិភាពរបស់ជាតិផងដែរ៕