(ពោធិ៍សាត់)៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ នៅតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែកបាក់ជាបន្តបន្ទាប់ ដោយប្រកាសដើរចេញ ហើយមកចូលរួមជាមួយគណបក្ស កាន់អំណាចដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលការប្រកាសដើរចេញដោយស្ម័គ្រចិត្តទាំងនេះ បានកើតមានឡើង បន្ទាប់ពីពួកគេបានមើលឃើញពីទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈឃ្លីបវីដេអូ ដោយធ្វើតាមបញ្ជារបស់អាមេរិក ចង់បំផ្លាញជាតិសាសន៍ខ្លួនឯង។
ជាក់ស្តែងនៅពេលនេះ ក្បាលម៉ាស៊ីន និងសមាជិកសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ៤នាក់ទៀតហើយ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមមាន៖
ទី១៖ លោក សែម សុផុន អាយុ៤០ឆ្នាំ ជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកភ្នំក្រវាញ និជាសមាជិកក្រុមប្រឹក្សាស្រុក
ទី២៖ លោក ហ៊ី ឈឿន អាយុ៤៧ឆ្នាំ ជាអនុប្រធានប្រតិបត្តិស្រុកភ្នំក្រវាញ គណបក្សសង្គ្រោះជាតិ
ទី៣៖ លោក ហេង សំណុំ អាយុ៤៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំលាច ស្រុកភ្នំក្រវាញ
ទី៤៖ លោក ចាន់ ថៃ អាយុ៦៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកភ្នំក្រវ៉ាញ។
នៅក្នុងលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផ្ញើជូនលោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ និងសមាជិកទាំង៤រូប របស់គណបក្សសង្គ្រោះជាតិ សុទ្ធតែបញ្ជាក់ដូចៗគ្នាថា «ក្រោយពីបានមើលវីដេអូឃ្លីបរបស់លោក កឹម សុខា ដែលបាននិយាយថា គ្រប់ផែនការ និងសកម្មភាពរបស់ខ្លួន គឺសុទ្ធធ្វើតាមការបង្គាប់បញ្ជារបស់បរទេស និងតាមការមើលឃើញជាក់ស្តែង ពីសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលតែងតែញុះញង់បំបែកបំបាក់ និងបំផ្លាញសង្គមខ្មែរដើម្បីតែអំណាច និងផលប្រយោជន៍របស់ខ្លួន តែប៉ុណ្ណោះហើយពេលនេះទើបយើងខ្ញុំដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ដូច្នេះយើងខ្ញុំសូមគោរពស្នើសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាកម្ពុជា»។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)