(ព្រះវិហារ)៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល២ថ្ងៃ ដោយពុំដឹងមូលហេតុ ក្រោយការផឹកស៊ីស្រវឹងជួបជុំគ្នា កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃ នាទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឈ ម៉ារឌី អធិការនគរបាលស្រុកឆែប បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា មុនពេលកើតហេតុជនរងគ្រោះមានគ្នាប្រមាណ៤-៥នាក់ ដែលសុទ្ធតែជាងដែក បានផឹកស៊ីជុំគ្នាដោយផឹកចំនួន២លើក គឺផឹកពេលថ្ងៃម្តង និងពេលយប់ម្តង។ ការផឹកស៊ីក៏បានដំណើរការរហូតដល់ម៉ោងជាង១១យប់ ក៏ស្រវឹងដាបរៀងៗខ្លួន ដោយអ្នកខ្លះដេកក្រោមផ្ទះ និងខ្លះទៀតដេកលើផ្ទះលុះព្រឹកឡើង ក៏បាត់សមាជិកម្នាក់ដោយមិនដឹងទៅទីណារកក៏រកមិនឃើញទើបប្តឹងសមត្ថកិច្ច។
ដោយឡែកនៅវេលាម៉ោង៥៖៣០នាទីល្ងាច នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សពបានអណ្តែតទឹកបង្ក ការភ្ញាក់ផ្អើលលុះក្រុមគ្រួសារទៅពិនិត្យ មើលទើបដឹងថា ជាសមាជិកគ្រួសារដែលបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣កន្លងទៅនេះ។
លោកអធិការស្រុកឆែប បានបញ្ជាក់ថា សាកសពត្រូវបានគេស្គាល់ឈ្មោះ ពេជ្រ សុខឃីម អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ លោកអធិការបញ្ជាក់ថា ក្រោយការពិនិត្យលើខ្លួនសាកសព សមត្ថកិច្ចបញ្ជាក់ថា ពុំមែនជាករណីឃាតកម្មទេ គឺជនរងគ្រោះស្រវឹងស្រាដើរវង្វេង ហើយក៏បានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះសមត្ថកិច្ចសូមផ្តាំផ្ញើដល់បងប្អូន ដែលចូលចិត្តផឹកស្រាត្រូវមានការប្រុងប្រយ័ត្នផងកុំផឹកហួសកម្រិត និងកម្លាំងរបស់ខ្លួនប្រយ័ត្នគ្រោះថ្នាក់ ដូចករណីបុរសខាងលើ៕