(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ក្រុមការងារនេះ មានឈ្មោះកាត់ថា ក.គ.អ.អ។ នេះបើតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្រុមការងារអន្តរក្រសួងខាងលើនេះ មានសមាសភាព ប្រធាន១រូប អនុប្រធាន២រូប និងសមាជិក២០រូប ក្នុងនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន។
គណៈកម្មការអន្តរក្រសួងនេះមានតួនាទីដូចជា៖
* បញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍
* រៀបចំ និងធ្វើបច្ចុប្បន្នកម្មលើគោលនយោបាយ និងគម្រោងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍
* ពិនិត្យ វាយតម្លៃ និងលើកយោបល់សុំការសម្រេចជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដើម្បីសម្រេចលើគម្រោងការអនុវត្តដោយសហគមន៍ ឬអង្គការជាតិ និងអន្តរជាតិក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* វាយតម្លៃ និងលើកយោបល់សុំការសម្រេចជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទទួលស្គាល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* ពិនិត្យ និងតាមដានរាល់ប្រតិបត្តិការគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* ពិនិត្យ និងតាមដានរាល់ប្រតិបត្តិការគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* រៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* ផ្តល់ជំនួយបច្ចេកទេសចាំបាច់ដល់សហគមន៍ និងប្រតិបត្តិករសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
* ផ្តល់រង្វាន់ស្លាកសញ្ញាលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ និងអ្នកវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍ និងអេកូទេសចរណ៍
* ធ្វើការសហការជាមួយក្រសួង ស្ថានប័ន អង្គការជាតិ និងអន្តរជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្របសម្រួលការងារអភិវឌ្ឍសហគមន៍ទេសរចណ៍ និងអេកូទេសចរណ៍កម្ពុជា ឲ្យមានប្រសិទ្ធភាព
* ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងាររាជរដ្ឋាភិបាល
* ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋាភិបាល៕
ខាងក្រោមនេះជាសេចក្តីសម្រេចទាំងស្រុងរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារនេះ៖