(ត្បូងឃ្មុំ)៖ ជំទប់ទី២ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ស្មាន សេត អាយុ៦៣ឆ្នាំ ជំទប់ទី២ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របស់គណបក្សសង្គ្រោះជាតិ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
លោក ស្មាន សេត បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានឃើញសកម្មភាពញុះញង់ បំបែកបំបាកសាមគ្គីផ្ទៃ ក្នុងជាតិជាបន្តបន្ទាប់របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយកាលពីពេលថ្មីៗនេះលោក កឹម សុខា បានលើកឡើងពីការឃុបឃិត និងធ្វើនយោបាយ តាមបង្គាប់បញ្ជារបស់បរទេស ដែលជាទង្វើក្បត់ជាតិ ធ្វើឲ្យរូបខ្ញុំមានការសោកស្តាយជាទីបំផុតដែលបានរួមរស់ជាមួយគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក និងអស់ជំនឿលើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៀត»។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំផ្តល់ឱកាសដល់បងប្អូន ក្នុងការចាកចេញពីគណបក្សសង្រ្គោះជាតិ មុនពេលគណបក្សនេះត្រូវរំលាយ, ឱកាសរបស់បងប្អូនមានត្រឹមថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ នៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រញាប់ប្រញាល់ ចាកចេញឲ្យហើយ។ ខ្ញុំសូមបញ្ជាក់ជូនថែមយ៉ាងដូច្នេះថា មិនមែនត្រឹមតែរំលាយគណបក្សមួយចប់នោះទេ ប្រហែលមានមនុស្សជាង១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំ, មេធាវីរបស់ក្រសួងមហាផ្ទៃទាមទារកាត់សិទ្ធិ ធ្វើនយោបាយរបស់គណៈអចិន្រ្តៃយ៍ និងគណៈនាយក»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំហ៊ានដាក់ជីវិតដើម្បីជំនួស តើកំរិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវាយខ្នោះហើយនោះ តើវាសភាពការណ៍វាធ្ងន់ធ្ងរដល់កំរិតប៉ុណ្ណា ឧទ្ទាមទីក្រុងមិនត្រូវបានលើកលែងទោស និងអត់អោនទោសឲ្យនោះទេ គេបានធ្វើបដិវត្តពណ៌ គេបានធ្វើច្រើនណាស់ហើយ ច្រើនលើកច្រើនសារហើយប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងបន្តធ្វើតទៅទៀត យើងមិនផ្តល់ឱកាសឲ្យពួកឧទ្ទាមទីក្រុងបានរួចខ្លួននោះទេ។ ខ្ញុំសូមបញ្ជាក់ថា មិនមែនកាត់ទោស កឹម សុខា ហើយទើបរំលាយបក្សនោះទេ គណបក្សនេះនឹងត្រូវរំលាយមុន យោងតាមកាលបរិច្ឆេទរបស់តុលាការកំពូល បានកំណត់រួចស្រេចមកហើយ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧)»។
គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៦០នាក់ (គិតទាំងលោក ស្មាន សេត) បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕