(កោះកុង)៖ មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងខេត្តកោះកុង ទទួលភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួនសរុប ៣១,២៦៨នាក់ ក្នុងនោះភ្ញៀវជាតិ មកពីបណ្តាខេត្តមានចំនួន២៨,០១៧នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៣,២៥១នាក់។
មន្ត្រីដដែលបានបន្តថា ក្នុងឆ្នាំ២០១៧ មានភ្ញៀវជាតិ-អន្តរជាតិ ចូលមកដំណើរកំសាន្ត ក្នុងទឹកដីខេត្តកោះកុង មានកំណើនកើនឡើងខ្ពស់ជាង ឆ្នាំ២០១៦ ហើយកត្តាមានការកើនខ្ពស់នេះមានមូលហេតុធំៗ៣៖
ទី១៖ ដោយស្ពានកោះកុង ឆ្លងដៃព្រែកកោះប៉ោ របស់ក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវធ្វើដំណើរឆ្លងកាត់ មិនតម្រូវឲ្យបង់ប្រាក់ ព្រោះរាជរដ្ឋាភិបាលបានទិញ ពីក្រុមហ៊ុន លី យ៉ុងផាត់ មកជាសម្បត្តិរដ្ឋវិញ។
ទី២៖ រដ្ឋបាលសាលាខេត្ត រៀបចំពិធីសប្បាយៗច្រើន។
ទី៣៖ មានការរួមសហការពីបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនិង អាជ្ញាធរខេត្តរក្សាសណ្តាប់ធ្នាប់ រក្សាសន្តិសុខបានល្អ និងមានកន្លែងដំណើរកំសាន្តច្រើនកន្លែង៕