(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនឃុំជើងគោ លោក ឯម សុខពៅ អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយឃុំជើងគោ និងជាប្រធានក្រុមការងារចុះជួយភូមិ្រពាំងមូល តំណាងលោក ចៅ យុត្តិបុត្រ ព្រមទាំងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងចែកអំណោយដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យសមាជិកសមាជិកា រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
ពិធីនេះប្រារព្ធឡើងនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីក្រុមការងារបក្សឃុំ និងសមាជិក-សមាជិកាចំនួន ៤៧០នាក់។
ក្រោយពីការអានរបាយការណ៍របស់ប្រធានគណបក្សឃុំរួចមក លោក ឯម សុខពៅ បានមានមតិសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សភូមិត្រពាំងមូល និងបានពាំនាំនូវការសាកសួរសុខទុក្ខ និងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនទាំង៤៧០នាក់ ដែលមានវត្តមានផងដែរ។
លោកបានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ។ ប្រទេសកម្ពុជា ត្រូវបានរំដោះតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ កម្ពុជាមិនត្រូវការការរំដោះអ្វីទៀតនោះទេ។
លោក ឯម សុខពៅ និងក្រុមការងារបានចែកអំណោយទូរស័ព្ទចំនួន ៥គ្រឿង ដល់ក្រុមការងារបក្សឃុំ ផ្តល់ថវិការដល់ក្រុមការងារភូមិចំនួន៤ ក្នុងមួយភូមិថវិកា ៤០ម៉ឺនរៀល និងជូនដល់សមាជិក-សមាជិកាទាំងអស់ ដែលចូលរួមក្នុងម្នាក់ៗទទួលបានមីមួយកេះ សារុងមួយ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕