(ភ្នំពេញ)៖ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កូនប្រុសរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ គឺលោក អេង រតនៈ បានបង្ហោះសារជាច្រើននៅទំព័រ Facebook របស់លោក ដោយវាយប្រហារយ៉ាងចាស់ដៃបំផុតទៅលើលោក កឹម សុខា និងក្រុមមនុស្សដែលស្ម័គ្រស្មោះចំពោះលោក កឹម សុខា។ លោក អេង រតនៈ បានលើកឡើងថា លោក កឹម សុខា មិនមែនជាដង្ហើមជីវិតនយោបាយរបស់បក្សសង្រ្គោះជាតិនោះឡើយ ហើយអត់ពីលោក កឹម សុខា ក៏នយោបាយនៅតែបន្តដដែល។
ការលើកឡើងរបស់កូនប្រុសលោក អេង ឆៃអ៊ាង បានធ្វើឡើងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីកូនស្រីទាំងពីររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ គឺកញ្ញា កឹម មនោវិទ្យា និង កឹម សោមាធីតា បានបង្ហោះសារបញ្ឈិតបញ្ឈៀង និងបានវាយប្រហារទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងក្រុមមនុស្សស្ម័គ្រស្មោះជាមួយលោក សម រង្ស៊ី។
សារឆ្លើយឆ្លងតាម Messager រវាងកញ្ញា កឹម មនោវិទ្យា ជាមួយក្រុមមនុស្សមានស្វាមីភក្តិចំពោះលោក កឹម សុខា ដែលត្រូវបានសកម្មជនសំខាន់មួយរូបដែលកំពុង រស់នៅប្រទេសកាណាដា ដែលមានជំហរគាំទ្រលោក សម រង្ស៊ី ផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ, កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា លោក សម រង្ស៊ី បានធ្វើឲ្យអ្នកប្រជាធិបតេយ្យគ្នាឯងឈឺចាប់ច្រើនណាស់ជាង ២០ឆ្នាំមកនេះ ដោយសារតែលោក សម រង្ស៊ី និង ដៃជើងចូលចិត្តមុសា និងលាបពណ៌។
នៅក្នុងសារឆ្លើយឆ្លងដែល Fresh News ទទួលបាននេះ កញ្ញា កឹម មនោវិទ្យា បានរៀបរាប់យ៉ាងដូច្នេះ «លោក សរ (សម រង្ស៊ី) ធ្វើឲ្យអ្នកប្រជាធិបតេយ្យគ្នាឯងឈឺចាប់ច្រើន ណាស់ជាង២០ឆ្នាំនេះ ដោយសារគាត់ និងដៃជើងគាត់ខ្លះចូលចិត្តមុសា និងលាបពណ៌។ មិនមានសច្ចធម៌ ឬភាពថ្លៃថ្នូទេទង្វើនេះ។ ឲ្យតែគេមិនធ្វើដូចចិត្តដឹងតែលាប ដែលសាកគិតទេ ដូចជាគ្រួសារលោក កែម ឡី ឬ គ្រួសាខ្ញុំឈឺចាប់ប៉ុណ្ណានូវការមួលបង្កាច់មកលើពួកខ្ញុំ មិនមែនធម្មតាទេ ចោទមុសាសាហាវៗណាស់»។
សារដែលគេយល់ថាជាការឆ្លើយតបទៅនឹងកូនៗរបស់លោក កឹម សុខា នេះ លោក អេង រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ «មាន ឬ អត់ កឹម សុខា ក៏នយោបាយនៅតែមាន! តើអត់ពី កឹម សុខា យើងនឹងសម្លាប់ខ្លួនតាមគាត់ឬ!?»។ លោក រតនៈ បន្តថា «ស្អីស្មានថា ពិភពនយោបាយ ទាល់តែមាន កឹម សុខា ! ទោះជា កឹម សុខា មិននៅ ក៏នយោបាយនៅតែមិនដូចឥឡូវ គឺនៅតែបន្ត!»។
សម្តីកូនប្រុសរបស់លោក អេង ឆៃអ៊ាង បានធ្វើឲ្យអ្នកស្ម័គ្រស្មោះរបស់លោក កឹម សុខា ជាច្រើនចេញមកប្រតិកម្ម និងខឹងសម្បា។ លោក យឹម ស៊ីនួន សកម្មភាពជនគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងវិញថា «អត់ សម រង្ស៊ី ក៏នយោបាយស្រុកខ្មែរនៅដំណើរការដូចគ្នា ព្រោះស្រុកខ្មែរមានអ្នកចេះច្រើន»។
ឆ្លើយតបសារដែលកូនប្រុសធ្វើឲ្យប៉ះពាល់លោក កឹម សុខា នេះ លោក អេង ឆៃអ៊ាង ក៏បានចេញមកធ្វើការសុំទោសផងដែរ ដោយអះអាងថា កូនប្រុសរបស់លោកមានបញ្ហាសុខសភាព។ លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំ អេង ឆៃអ៊ាង ជាឪពុកលោក អេង រតនៈ សូមអភ័យទោសចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ជំនួសកូនប្រុសរបស់ខ្ញុំ ដែលបានសរសេរ និងឆ្លើយឆ្លង ដោយចោទប្រកាន់មិនត្រឹមត្រូវលើលោកប្រធាន កឹម សុខា នៅក្នុងគណនីហ៊្វេសប៊ុករបស់គាត់។ ខ្ញុំសូមជំរាបជូន បងប្អូនរួមនយោបាយ មេត្តាជ្រាបថា កូនប្រុសខ្ញុំ អេង រតនៈ មួយសប្តាហ៍កន្លងមានបញ្ហាសុខភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងយោគយល់នូវកំហុសឆ្គងដោយអចេតនារបស់ កូនប្រុសខ្ញុំ នេះ»។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០១២ ដោយមានរូបព្រះអាទិត្យរះជានិមិត្តសញ្ញា។ តែគណបក្សនយោបាយកើតចេញពីបណ្តុំគណបក្ស ធ្លាប់ជាសត្រូវនឹងគ្នាមួយនេះ កំពុងតែវិវឌ្ឍន៍ទៅរកការបាត់រូបវិញហើយ។
មួយរយៈចុងក្រោយនេះ ទន្ទឹមនិងការប្រឈមការរំលាយចោលតាមបណ្តឹង របស់ក្រសួងមហាផ្ទៃព្រោះតែការប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយហើយនោះ គណបក្សប្រឆាំងនៅកម្ពុជាមួយនេះ ក៏កំពុងរង់ការប្រេះឆាផ្ទៃក្នុងខ្លាំងផងដែរ។
ការប្រេះឆាត្រូវបានផ្ទុះខ្លាំងបន្ទាប់ពីលោក សម រង្ស៊ី អតីប្រធានគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ដោយត្រង់ចំពោះលោក ម៉ៅ មុនីវណ្ណ និងមនុស្សរបស់លោក កឹម សុខា មួយចំនួនទៀតថា ធ្វើសកម្មភាពក្បត់បក្ស និងមានបំណងក្តោបក្តាប់បក្សជាដើមនោះ៕