ក្តៅគគុក! អារ៉ាប៊ីសាអូឌីត៖ «មានការចាប់ខ្លួនព្រះបុត្រា ១១អង្គ និងរដ្ឋមន្ត្រី-អតីតរដ្ឋមន្ត្រីជាច្រើនរូប ក្រោមបទចោទប្រកាន់អំពី ចេតនាក្បត់-ពុករលួយ»
05-11-2017 12:15
(រីយ៉ាដ)៖ ព្រះចៅ សាល់ម៉ាន់ នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបើកដៃឲ្យមានការចាប់ខ្លួន ព្រះបុត្រាចំនួន ១១អង្គ រួមទាំងរដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីជាច្រើនរូបទៀត ដោយចោទប្រកាន់ថា ពួកគេមានចេតនាក្បត់ ចំពោះព្រះបុត្រាស្នងរាជ្យ ព្រះនាម ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ ព្រមទាំងមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើពុករលួយផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអារ៉ាប់ HAARETZ នារសៀលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រៅពីចំណាត់ការក្តៅ ដើម្បីត្រួសត្រាយផ្លូវដឹកនាំប្រទេស សម្រាប់ព្រះរាជ្យបុត្រារបស់ព្រះអង្គ ទៅថ្ងៃអនាគតនោះ ព្រះចៅ សាល់ម៉ាន់ ក៏បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីពីររូបផងដែរ ដើម្បីឲ្យកាន់តំណែងផ្នែកសន្តិសុខ និងរដ្ឋបាលសាធារណៈ ដើម្បីធានាឲ្យបាននូវភាពស្មោះត្រង់ និងសន្តិសុខសម្រាប់រាជវង្សានុវង្ស។ ជាងនេះទៅទៀត ព្រះមហាក្សត្រដ៏ជរាអង្គនេះ ក៏បានបង្កើតនូវស្ថាប័នប្រយុទ្ធប្រឆាំងអំពើពុករលួយថ្មី ដែលដឹកនាំដោយព្រះរាជទាយាទ ប៊ីន សាល់ម៉ាន់ ផ្ទាល់។
គួរបញ្ជាក់តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ Al Arabiya របស់អារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះថា ក្រោយបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមិនធ្លាប់មាននេះភ្លាម បុត្រាសរុប ១១អង្គ, រដ្ឋមន្ត្រី ០៤រូប និងអតីតរដ្ឋមន្ត្រីចំនួន ១០រូប ត្រូវបានចាប់ខ្លួន ដោយរងការចោទប្រកាន់ពីករណីពុករលួយ និងមិនស្មោះត្រង់ទៅនឹងព្រះរាជទាយាទ ប៉ុន្តែសម្រាប់ក្សត្រ និងរដ្ឋមន្ត្រី-អតីតរដ្ឋមន្ត្រីដែលជាប់សង្ស័យទាំងនោះ មិនត្រូវបានគេបញ្ជាក់ព្រះនាម និងឈ្មោះនោះឡើយ៕