(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ជិត ២ម៉ឺននាក់ បានចូលរួមលេងកម្សាន្តនៅក្នុងពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលបានរៀបចំធ្វើឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់នាយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា រួមជាមួយមន្ត្រីរាជការ សមាជិកាសមាគមនារី និងប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
ពិធីបុណ្យអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ត្រូវបានធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីឲ្យសាកសម្យជាខេត្ត ដែលទើបទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រអាស៊ាន ផ្នែកសូចនាករទឹកស្អាតផងដែរ។ ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ។
លោក ម៉ៅ ធនិន បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីអកអំបុក សំពះព្រះខែ ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង ១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ រួមមានពិធីប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។ ពិធីនេះធ្វើឡើងដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
លោកអភិបាលបានឲ្យដឹងទៀតថា ដោយសារតែឆ្នាំនេះ ទូករបស់ខេត្តពោធិ៍សាត់មានសភាពចាស់ទ្រុឌទ្រោម ទាមទារជាដាច់ខាតត្រូវជួសជុល ដែលមិនអាចទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញបាននោះទេ។ នៅឆ្នាំក្រោយ លោកនឹងរៀបចំឲ្យមានកម្មវិធីប្រណាំងទូក នៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ផ្លូវលេខ១០១ ដែលតម្រូវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ត្រៀមទូកមួយអង្គភាពយ៉ាងតិច១ និងបណ្តាស្រុកក្រុង ត្រៀមទូកយ៉ាងតិច៣ ដែលមានចំណុះមនុស្សមិនលើសពី ២៤នាក់ ក្នុងមួយទូក ដើម្បីប្រគួតប្រជែងប្រឡងប្រណាំង ក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យប្រពៃណីផ្សេងៗផងដែរ។
លោកបានបញ្ជាក់ថា នៅពេលខាងមុខនឹងមានទំនប់បង្ហៀរមួយនៅខាងក្រោមកោះសំពៅមាស សម្រាប់បញ្ជ្រាលទឹកឲ្យនៅពាក់កណ្ដាលសំពៅ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋជិះទូក ឫជិះប៉េឌឺឡូលេងកម្សាន្តនៅជុំវិញ ចំណែកនៅខាងក្រោមទំនប់បង្ហៀរវិញ បងប្អូនអាចងូតទឹកលេងកម្សាន្តផងដែរ។ លោកថាសមិទ្ធផលនេះ កើតមានដោយសារតែការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិសុខភាព និងមានការអភិវឌ្ឍន៍៕