(ភ្នំពេញ)៖ មិនខុសពីពិធីបុណ្យធំៗផ្សេងទៀតទេ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរ កម្សាន្តសប្បាយយ៉ាងច្រើនកុះករ និងនៅគ្រប់ទិសទី។ អ្នកខេត្តឡើងមកភ្នំពេញ អ្នកភ្នំពេញចេញទៅខេត្ត អ្នកខ្លះឆ្លងដែនទៅកម្សាន្តរហូតដល់ក្រៅប្រទេស។ រយៈពេលបីថ្ងៃនេះ នៅភ្នំពេញក៏ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ឬបណ្តាខេត្តនានាដែរជាពិសេសខេត្តដែលជាគោលដៅទេសចរណ៍ សំឡេងកាំជ្រួចបានលាន់លឺឡើងអមដោយពន្លឺផ្កាភ្លើងចម្រុះពណ៌ បាចសាចពេញផ្ទៃវេហាស៍។

មនុស្សម្នា មានទាំងជនជាតិខ្មែរ ទាំងភ្ញៀវទេសចរបរទេស បានបាញ់ក្រសែភ្នែកទៅរកពន្លឺកាំជ្រួច ក្រោមពន្លឺព្រះចន្ទពេញបរមី ដោយក្តីអំណរសាទរយ៉ាងក្រៃលែង។ ទូរស័ព្ទស្មាតហ្វូនគ្រប់ដៃបានផ្តិត យកទិដ្ឋភាពដ៏គួរជាទីមនោរម្យនេះ។ មិនយូរប៉ុន្មានរូបភាពបានផុសត្រឡែតពាសពេញបណ្តាញសង្គមហ្វេសប៊ុក។ អ្នកខ្លះថតសែលហ្វីជាមួយគូរសង្សារ អ្នកខ្លះថតជាមួយក្រុមគ្រួសារ អ្នកខ្លះថតជាមួយមិត្តភ័ក្តិ ប្រកបដោយទឹកមុខញញឹមពព្រាយដែលបង្ហាញ ពីភាពសុខដុមរមនាយ៉ាងក្រៃលែង។ នៅលើដងផ្លូវមនុស្សម្នាណែនណាន់តាន់តាប់ រថយន្ត និងយានយន្ត គ្រប់ប្រភេទចរាចរណ៍ទៅមកយ៉ាងកកកុញ និងពេលខ្លះត្រូវកកស្ទះចរាចរណ៍យ៉ាងយូរថែមទៀត។

ក្រៅពីសំឡេងកាំជ្រួញ ក៏នៅមានការប្រគុំតន្ត្រីយ៉ាងកងរំពង ហើយនៅមុខវង្សតម្ត្រីនីមួយៗសុទ្ធតែមានអ្នកឈរទស្សនា ឬរាំលេងយ៉ាងសប្បាយរីករាយ។ អ្នកដែលចេញទៅក្រៅស្រុកឯណោះវិញក៏មិនភ្លេចបង្ហោះរូបភាពតាមហ្វេសប៊ុកដើម្បីបង្អួតមិត្តភ័ក្តិ បងប្អូន នៅឯក្នុងស្រុកឲ្យបានឃើញនោះដែរ។ ពាក្យពេចន៍ជូនពរ គ្នាត្រូវបានបង្ហោះព្រោងព្រាតតាមបណ្តាញសង្គម។ ទាំងអស់នេះជាសក្ខីភាពដែលបង្ហាញថា ប្រទេសកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងបើធៀបទៅនឹងសម័យមុនៗ ពោលគឺផ្លាស់ប្តូរពីសង្គ្រាមមកសន្តិភាព ពីសូរកាំភ្លើង មកសូរកាំជ្រួច ពីសម្រែកទួញសោកដោយសារវិនាសកម្មគ្រាប់បែកបេ៥២ មកជាសម្រែកហ៊ោកញ្ចៀវដោយក្តីអំណរ។

ប្តូរពីទីក្រុងខ្មោច មកជាទីក្រុងកកស្ទះចរាចរណ៍ ប្តូរពីស្ថានភាពរកអង្ករច្រកឆ្នាំង មកស្ថានភាពរកកន្លែងសម្រាប់ចាយលុយ ប្តូរពីហូបមិនគ្រប់មកហូបមិនអស់ ប្តូរពីភាពស្គមស្គាំង មកជាធាត់ទ្រលុកទ្រលន់ ប្តូរពីយប់ងងឹតសូន្យសុង មកមានភ្លើងអគ្គិសនីភ្លឺចិញ្ចាចចិញ្ចែង ប្តូរពីការបំផ្លិចបំផ្លាញមកជាការកសាងសំណង់ រីកដុះដាលព្រោងព្រាត ប្តូរពីសម័យកាលដែលជនបរទេសរត់បាតជើងសព្រាតចេញពីស្រុកខ្មែរមកជាប្រទេសដែលទទួលភ្ញៀវទេសចរបរទេស ច្រើនលាននាក់ក្នុងមួយឆ្នាំៗ ...ទាំងអស់នេះគឺជាភស្តុតាងដែលបង្ហាញថា ប្រទេសកម្ពុជាសម័យនេះពិតមានសុខសន្តិភាពពេញលេញ ហើយប្រជាពលរដ្ឋពិតជាមានជីវភាពធូរធា សុខសប្បាយ និងមានទឹកមុខប្រកបដោយក្តីសង្ឃឹម ញញឹម ពព្រាយ សប្បាយរីករាយគ្រប់ៗគ្នា។

សម្រាប់ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលបានឆ្លងកាត់ជាច្រើនរបប ខ្ញុំពិតជាហ៊ានអះអាងប្រកបដោយមោទនៈភាពថា គ្មានសម័យកាលណាដែល ប្រទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍ ជឿនលឿន ដូចសម័យបច្ចុប្បន្ននេះទេ។ នៅឯទីជនបទឯណោះវិញ ក៏មានការប្រែប្រួលខ្លាំងណាស់ដែរ។ អ្នកដែលពីមុនមិនធ្លាប់មានទូរទស្សន៍មើលសោះ ឥឡូវមានទូរទស្សន៍ស្ទើរគ្រប់ផ្ទះ អ្នកដែលពីមុនមិនធ្លាប់មានម៉ូតូជិះ ឥឡូវសុទ្ធតែម៉ូតូស៊េរីថ្មីដេញតាមគ្នា ឬគ្រួសារជនបទជាច្រើនមានទាំងឡានថែមទៀត។ អ្នកដែលមិនធ្លាប់មានទូរស័ព្ទប្រើសោះ ឥឡូវទូរស័ព្ធគ្រប់ដៃ ហើយភាគច្រើនជាទូរស័ព្ទស្មាតហ្វូនទៀត។ អ្នកដែលពីមុនមានផ្ទះតូច ឥឡូវមានផ្ទះធំ, ពីមុនផ្ទះស្លឹក ឥឡូវផ្ទះថ្ម។

អ្នកដែលពីមុនមិនដែលស្គាល់ផ្លូវល្អ ឥឡូវមានផ្លូវកៅស៊ូ​ ឬយ៉ាងហោចណាស់ក្រួសក្រហមដែរ.....ទិដ្ឋភាពទាំងអស់នេះវាមានន័យផ្ទុយស្រឡះ ពីការទទួលបានព័ត៌មានខ្មៅ ពីប្រភពខ្មៅដែលមនុស្សចិត្តខ្មៅបានខំផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលមិនបានមកឃើញទិដ្ឋភាពជាក់ស្តែង របស់ស្រុកទេស ហើយចាំតែស្តាប់ព័ត៌មានខ្មៅ ពួកគេនៅនឹកគិតថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសម័យខ្មែរក្រហមនៅឡើយ បើទោះជាអ្វីៗបានប្រែប្រួលទាំងស្រុងបែបនេះហើយក៏ដោយ។ ប៉ុន្តែ សម្រាប់អ្នកដែលរស់នៅលើទឹកដីកម្ពុជា សុទ្ធតែបានឃើញការប្រែប្រួល ផ្លាស់ប្តូរមុខមាត់ថ្មីទាំងអស់នេះយ៉ាងពិតប្រាកដ លើកលែងតែអ្នកនយោបាយប្រឆាំង និងអ្នកគាំទ្រផ្កាប់មុខមួយចំនួនដែលនៅតែធ្វើមិនឃើញ ធ្វើមិនដឹង ធ្វើមិនលឺ។ ដោយសារនិន្នាការនយោបាយជ្រុលនិយម ពួកគេសុខចិត្តហារមាត់និយាយក្បត់ការពិតទាំងងឹតងងុលថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្មៅងងឹត បើទោះបីជាពួកគេ និងគ្រួសាររបស់ពួកគេសុទ្ធតែទទួលបានផលពីសុខសន្តិភាព និងពីការអភិវឌ្ឍន៍គ្រប់ៗគ្នាក៏ដោយ។

ការផ្លាស់ប្តូរមុខមាត់ប្រទេសទាំងស្រុងបែបនេះគឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ សម្តេច ហ៊ុន សែន គឺជាស្ថាបនិកអ្នករំដោះប្រទេសចេញពីរបបខ្មែរក្រហម ជាអ្នកសង្គ្រោះប្រជាពលរដ្ឋខ្មែរចេញពីសេចក្តីស្លាប់ ជាអ្នកបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាពយ៉ាងពេញលេញមិនធ្លាប់មាន និងជាអ្នកដឹកនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ចំណែកពាក្យសង្គ្រោះជាតិ ឬពាក្យផ្លាស់ប្តូរ ដែលក្រុមប្រឆាំងប្រើបច្ចុប្បន្នគឺជាពាក្យហួសសម័យ និងប្រើតាមក្រោយគេដែលគេបានធ្វើរួចរាល់អស់ទៅហើយ។ ពិតណាស់ថា កម្ពុជានៅមានពលរដ្ឋមួយចំនួនតូចរស់នៅក្នុងភាពក្រីក្រ ប៉ុន្តែ ពាក្យថាក្រសម័យនេះខុសពីក្រសម័យមុន។ សម្រាប់ប្រទេសកម្ពុជា សម័យដែលក្របំផុតនោះគឺគ្មានអ្វីក្រជាងសម័យខ្មែរក្រហមទៀតឡើយ។ ចំណែក អ្នកក្រសម័យនេះមានន័យត្រឹមតែថា មិនទាន់មានដូចគេតែប៉ុណ្ណោះ។ សូម្បីអ្នកជាប់ពន្ធនាគារសម័យនេះ ក៏មានសំណាងជាងសម័យមុនដែរ។ ពីមុន អ្នកទោសក្បត់ជាតិត្រូវមានទោសប្រហារជីវិត។ តែបច្ចុប្បន្ន អាចទទួលទោសត្រឹមជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយអ្នកជាប់ពន្ធនាគារនោះទៀតសោត មានបាយហូប មានលទ្ធភាពអាចទិញប្ហូបឆ្ងាញ់ៗក៏បាន មានវិទ្យុស្តាប់និងជួនកាលអាចប្រើទូរស័ព្ទបានថែមទៀត គឺខុសស្រឡះពីអ្នកទោសមស័យខ្មែរក្រហម។ អតីតអ្នកជាប់ឃុំក្នុងគុកទួលស្លែង មានលោក ប៊ូ ម៉េង និងលោកជុំ ម៉ី ជាដើមគឺជាសាក្សីរស់ដែលអាចបញ្ជាក់បានអំពីរឿងនេះ។

នេះហើយជាហេតុផលដែលប្រជាជនកម្ពុជានៅតែផ្តល់យុត្តិធម៌ជានិច្ច ដល់គណបក្សប្រជាជនកម្ពុជា និងដល់សម្តេច ហ៊ុន សែន។ ចំណែកអ្នកដែលខំស្រែកថា ដូរឬមិនដូរ បើទោះបីជាប្រជាពលរដ្ឋបានផ្តល់ចម្លើយច្បាស់តាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ថាមិនដូរក៏ដោយ ក៏ពួកគេនៅតែមិនសុខចិត្ត ហើយបែរជាទៅរកគ្រូធំដើម្បីបង្រៀនពីរបៀបផ្តួលរំលំទៅវិញ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចជាពលរដ្ឋខ្មែរផ្សេងទៀតដែរ យើងមិនត្រូវការផ្លាស់ប្តូរទៀតទេ ពីព្រោះកម្ពុជាបានផ្លាស់ប្តូររួចរាល់ និងសព្វគ្រប់អស់ហើយ។ ពីអំណឹះតទៅ អ្វីដែលអ្នកនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរគ្រប់គ្នាត្រូវធ្វើគឺការចូលរួម ចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យទៅមុខកាន់តែលឿនទៅតាមលទ្ធភាពរៀងៗខ្លួននិងការបំពេញចន្លោះប្រហោងដែលរាជរដ្ឋាភិបាល នៅខ្វះខាតធ្វើមិនទាន់បានល្អនៅឡើយ។ និយាយឲ្យចំ កម្ពុជាសម័យនេះមិនត្រូវការសង្គ្រោះ មិនត្រូវការផ្លាស់ប្តូរទៀតទេ តែអ្វីដែលកម្ពុជាត្រូវការគឺកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ដោយឈរលើមូលដ្ឋាន សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលកំពុងមានសព្វថ្ងៃពីព្រោះកម្ពុជាបានឆ្លងកាត់រួចហើយដំណាក់កាលសង្គ្រោះ និងផ្លាស់ប្តូរ ហើយបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង រួចរាល់អស់ហើយ។

យើងមិនចង់ប្តូរសំឡេងកាំជ្រួចទៅជាសំឡេងគ្រាប់កាំភ្លើងទេ, យើងមិនចង់ប្តូរពីសំឡេងយន្តហោះដឹកទេសចរណ៍ និងទំនិញដែលឡើងចុះ ឥតដាច់នៅលើទឹកដីកម្ពុជាឲ្យទៅជាសំឡេងយន្តហោះទម្លាក់គ្រាប់បែក បេ៥២ ទៀតទេ។ យើងមិនចង់ប្តូរសំឡេងហ៊ោកញ្ចៀវដោយអំណរសាទរ ទៅជាសំឡេងស្រែកហៅកូនចៅ រត់ចូលត្រង់សេដូចអតីតកាលទៀតឡើយ។

យើងមិនចង់ប្តូរពីការធ្វើដំណើរទៅមកក្នុងនាមជាភ្ញៀវទេសចរ ដែលស្វែងរកការកម្សាន្តសប្បាយ ឲ្យទៅជាចលនាជនភៀសខ្លួន ដោយសង្គ្រាមនោះឡើយ, យើងក៏មិនចង់ឃើញទីក្រុង ទីប្រជុំជន តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំងឡាយ ក្លាយជាខ្ទេចខ្ទាំ ដូចនៅស៊ីរី លីប៊ី និងបណ្តាប្រទេសជាច្រើនទៀត ដែលទទួលរងចលនាបដិវត្តន៍ពណ៌នោះដែរ។ នេះជាសំឡេងពលរដ្ឋខ្មែរម្នាក់ដែលពួកអ្នកនយោបាយប្រឆាំងត្រូវតែលឺ។ ការប៉ុនប៉ងនាំប្រទេសទៅរកភាពវឹកវរ និងវិនាសកម្មជាថ្មីក្រោមខ្សែញាក់របស់បរទេសគឺជារឿងដែលមិនត្រូវកើតលើទឹកដីនេះជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ។

ចុងក្រោយនេះ ប្រទេសកម្ពុជាមានភ័ព្វសំណាងជាថ្មីម្តងទៀត ដែលបានរាជរដ្ឋាភិបាលបានចាត់វិធានការ ទាន់ពេលវេលាដើម្បីទប់ស្កាត់ការនាំ ប្រទេសទៅរកវិនាសកម្មសារជាថ្មី។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមសាទរ ចំពោះចំណាត់ការនេះ ពីព្រោះវាជាចំណាត់ការដើម្បីការពារសេចក្តីសុខជូនយើងទាំងអស់គ្នា។

សូមបងប្អូនអ្នកទាំងឡាយដែលបានទទួលការបំពាក់បំប៉នមនោគមន៍វិជ្ជា ពីមេរបស់ខ្លួនរហូតជឿស្លុង ដោយមិនបានពិចារណា មេត្តាភ្ញាក់រលឹកឡើងពីព្រោះនៅមិនទាន់ហួសពេលទេ។ សម្តេច ហ៊ុន សែន ក្នុងនាមជាស្ថាបនិកសន្តិភាព និងក្នុងនាមជាអ្នកដឹកនាំរបស់ខ្មែរទាំងអស់គ្នា តែងតែផ្តល់ឱកាសឲ្យខ្មែរគ្រប់គ្នាដែលចេះភ្ញាក់រលឹកទោះជាធ្លាប់បានប្រព្រឹត្តកំហុស ទៅលើសម្តេចយ៉ាងណាក៏ដោយ។ មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបធានាបាននូវសន្តិភាព និងការរីកចម្រើនសម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។ សូមប្រញាប់រួសរាន់ក្នុងការផ្លាស់ប្តូរជីវភាពនយោបាយដោយបោះបង់ចោលគណបក្ស ដែលបង្កាត់ភ្លើងមករួមរស់ជាមួយគណបក្សដែលជាអ្នកពន្លត់ភ្លើងវិញ៕

ដោយ៖ សំឡេង សច្ចៈ