(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ និងស្រ្តីទី១របស់អាមេរិក បានទៅដល់ប្រទេសជប៉ុនហើយ នៅក្នុងដំណើរទស្សនកិច្ចបណ្តាប្រទេសនៅអាស៊ី ដូចជាជប៉ុន, កូរ៉េខាងត្បូង, ចិន, វៀតណាម និងហ្វីលីពីន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សូមជំរាបថា លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោនហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទៅបំពេញដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ី ដោយក្នុងនោះលោកត្រូវឈប់សំចត នៅរដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកជាមុនសិន មុននឹងបន្តហោះហើរទៅ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងចុងបញ្ចប់គឺ ហ្វីលីពីន។
សម្រាប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន គឺនឹងគ្មានអ្វីក្រៅតែពីការពូនផ្តុំភាពជាសម្ព័ន្ធមិត្តដ៏ធំបំផុតទាំងពីរ នៅតំបន់អាស៊ីនេះ ឲ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីទប់ទល់នឹងឥទ្ធិពលកូរ៉េខាងជើង ដែលមានចិន និងរុស្ស៊ីនៅពីក្រោយខ្នងនោះឡើយ។ បន្ថែមពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការជួញដូរសព្វាវុធថ្មីៗ ក៏អាចនឹងកើតមានឡើងបន្ថែមទៀតផងដែរ។
ជាងនេះទៅទៀត បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅប្រទេសសម្ព័ន្ធមិត្តទាំងពីរខាងលើនេះ លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់មហាយក្សចិន ជាលើកដំបូងបំផុតចាប់តាំងពីលោក បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន គឺធ្វើឡើងចំពេលនៃភាពតានតឹងជាមួយនិងប្រទេសកូរ៉េខាងជើង នៅតែក្តៅគគុក ហើយមេដឹកនាំអាមេរិករូបនេះ អាចនឹងបន្តស្នើយ៉ាងទទូចបន្ថែមទៀត ឲ្យប្រទេសចិនបន្ថែមសម្ពាធលើកូរ៉េខាងជើង។
ជាចុងក្រោយគឺទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសវៀតណាម និងហ្វីលីពីន ដែលជាប្រទេសស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ នៃតំបន់សមុទ្រចិនខាងត្បូង ដែលនៅតែជាការប្រឈមមុខគ្នាយ៉ាងខ្លាំងក្លា ជាមួយប្រទេសចិនដដែល។ សម្រាប់ទស្សនកិច្ចរបស់លោក នៅហ្វីលីពីន នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះតែជំហររបស់ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងតែងាកខ្លាំងទៅរករុស្ស៊ី និងចិន ហើយបុរសខ្លាំងទីក្រុងម៉ានីលរូបនេះ ក៏ធ្លាប់បានរិះគន់រដ្ឋបាល លោក ដូណាល់ ត្រាំ មិនសំចៃមាត់ផងដែរចាប់តាំងពីលោកឡើងកាន់តំណែងមកម្ល៉េះ៕