(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីឡើងទៅប្រុងរំលោភប្រពន្ធគេ ហើយកាប់សម្លាប់ស្ត្រីរងគ្រោះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅយប់ម៉ោង១១៖៣០នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះជនរងគ្រោះភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្រ្តីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា៖​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គង់ ធី ហៅ​ អឹុម ធី អាយុ៥១ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើកាឃាត់ខ្លួន នៅម៉ោង១១៖០០រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិឃុំខាងលើ។ ចំណែកស្រ្តីរងគ្រោះ មានឈ្មោះ យ៉ាន ចិន្ថា ហៅ ឌូ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅ ភូមិឃុំជាមួយគ្នា។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា នៅយប់កើតហេតុរូបគេ បានផឹកស្រាស្រវឹង ក្រោយមកក៏បានឡើងទៅលើផ្ទះជនរងគ្រោះ ដោយដឹងថាប្តីស្ត្រីជនរងគ្រោះមិននៅនោះ ទើបខ្លួនមានបំណងសុំនាងរួមភេទ តែដោយសារនាងមិនព្រម ហើយពេលនោះស្ត្រីរងគ្រោះក៏ស្រែកហៅអ្នកជិតខាងឱ្យជួយទៀត ភ្លាមនោះជនសង្ស័យខឹងក៏ស្ទុះទៅទាញយកកាំបិតមកកាប់មកលើជនរងគ្រោះ បណ្តាលឲជនរងគ្រោះស្លាប់តែម្តង។

សមត្ថកិច្ច បានឱ្យដឹងថា លុះមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យខាងលើ ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកំលាំងកងរាជអាវុធហត្ថឃុំខ្លួនបណ្តោះអាសន្ន នៅស្នាក់ការសន្តិសុខអាវុធហត្ថភូមិធម្មជាតិសម្តេចតេជោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕