(ព្រះសីហនុ)៖ ទន្ទឹមនឹងប្រជាពលរដ្ឋជាច្រើន បានចូលមករាជធានីភ្នំពេញ ដើម្បីទស្សនាការប្រណាំងទូកនោះ នៅឯខេត្តព្រះសីហនុឯណោះវិញ ក្នុងឱកាសបុណ្យនេះ ក៏ទទួលបានភ្ញៀវទេសចរជិត១សែននាក់ផងដែរ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនេះ ពោលពីថ្ងៃទី០២ ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ ជាពិសេសតំបន់មាត់សមុទ្រ ទទួលបានភ្ញៀវទេសចរប្រមាណ៨៥០០០នាក់ ដែលកើនឡើង ៥.៩% បើធៀបនឹងឆ្នាំមុន ក្នុងនោះមានភ្ញៀវជាតិចំនួនប្រមាណ៧៣.៩៥០ កើនឡើង៤.៨% និងភ្ញៀវអន្តរជាតិចំនួនប្រមាណ១១.០៥០កើនឡើងប្រមាណ១៤.៥%។
របាយការណ៍បានបង្ហាញទៀតថា ឱកាសបុណ្យអុំទូកនេះ ភ្ញៀវទេសចរទៅកម្សាន្តនៅតាមបណ្តាកោះមានចំនួនសរុប ៥៩៨៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៥១ និងភ្ញៀវអន្តរជាតិមាន១៨៣៧នាក់។ ចំណែកភ្ញៀវទៅកំសាន្តតាមរមនីយដ្ឋាននានារួមមាន៖ ក/រមនីយដ្ឋានក្បាលឆាយភ្ញៀវសរុបប្រមាណ៩៨៣២នាក់ក្នុងនោះមានភ្ញៀវបរទេស១៦នាក់ ស្រី០៧នាក់។ ខ/រមនីយដ្ឋានថ្មរុងសរុបប្រមាន៧៣០០នាក់ក្នុងនោះភ្ញៀវបរទេស៦៥ស្រី២៧នាក់។ គ/រមនីយដ្ឋានភិចនិចសរុបមានប្រមាណ១៧៨០នាក់ក្នុងនោះមានភ្ញៀវបរទេស២៨១នាក់ស្រី៨៥។
បើតាមរបាយការណ៍ខាងលើនេះ បទល្មើសនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យអុំទូក មានសភាពស្ងប់ស្ងាត់ មិនមានអ្វីធំដុំនោះទេ ប៉ុន្តែមានករណីក្មេងវង្វេងចំនួន៨ករណី។ ក្រៅពីនោះមានករណីភ្ញៀវទេសចរត្អូញត្អែអំពីតម្លៃសេវាផ្សេងៗ និងបញ្ហាអនាម័យមួយចំនួនប៉ុណ្ណោះ៕