(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៧នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយរាប់ទាំងថ្ងៃនេះ មានសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិចំនួន ១នាក់ថ្មីទៀត ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៥៧នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នោះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ បានអះអាងដូចៗគ្នាថា បានមើលឃើញលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈច្បាស់លាស់ មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បំបែកបំបាក់ជាតិទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូ ចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំផ្តល់ឱកាសដល់បងប្អូន ក្នុងការចាកចេញពីគណបក្សសង្រ្គោះជាតិ មុនពេលគណបក្សនេះត្រូវរំលាយ, ឱកាសរបស់បងប្អូនមានត្រឹមថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ នៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រញាប់ប្រញាល់ ចាកចេញឲ្យហើយ។
ខ្ញុំសូមបញ្ជាក់ជូនថែមយ៉ាងដូច្នេះថា មិនមែនត្រឹមតែរំលាយគណបក្សមួយចប់នោះទេ ប្រហែលមានមនុស្សជាង១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំ, មេធាវីរបស់ក្រសួងមហាផ្ទៃទាមទារកាត់សិទ្ធិ ធ្វើនយោបាយរបស់គណៈអនិច្រ្តៃយ៍ និងគណៈនាយក។
ខ្ញុំហ៊ានដាក់ជីវិតដើម្បីជំនួស តើកំរិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវាយខ្នោះហើយនោះ តើវាសភាពការណ៍វាធ្ងន់ធ្ងរដល់កំរិតប៉ុណ្ណា ឧទ្ទាមទីក្រុងមិនត្រូវបានលើកលែងទោស និងអត់អោនទោសឲ្យនោះទេ គេបានធ្វើបដិវត្តពណ៌ គេបានធ្វើច្រើនណាស់ហើយ ច្រើនលើកច្រើនសារហើយប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងបន្តធ្វើតទៅទៀត យើងមិនផ្តល់ឱកាសឲ្យពួកឧទ្ទាមទីក្រុងបានរួចខ្លួននោះទេ។
ខ្ញុំសូមបញ្ជាក់ថា មិនមែនកាត់ទោស កឹម សុខា ហើយទើបរំលាយបក្សនោះទេ គណបក្សនេះនឹងត្រូវរំលាយមុន យោងតាមកាលបរិច្ឆេទរបស់តុលាការកំពូល បានកំណត់រួចស្រេចមកហើយ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧)»៕