(ភ្នំពេញ)៖ ថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋប្រមាណពី១.៣លាននាក់ ទៅ១.៥លាននាក់ ចូលរួមទស្សនាកម្សាន្ត ដែលកើនឡើងច្រើនជាងថ្ងៃទី១ និងថ្ងៃទី២។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅយប់ ថ្ងៃទី០៤ ខែវិច្ឆិកានេះ។

របាយការណ៍បានបង្ហាញថា ចំពោះសភាពការណ៍បទល្មើសវិញ មានឃាត់ខ្លួនជនជាតិបរទេសម្នាក់ បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ព្រោះមានកាំបិតខ្លីជាប់នឹងខ្លួន។ ករណីចោរលួចឥវ៉ាន់១ករណី នៅផ្សារអ៉ីអន ឃាត់ខ្លួនម្នាក់, ករណីបាត់ម៉តូ១គ្រឿង ប៉ុន្តែរកឃើញវិញ និងករណីបាត់កាបូបលុយចំនួន២។ ដោយឡែកករណីក្មេងវង្វេងមានចំនួន៥៨លើក ស្មើនឹង៦០នាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រកាសរកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញ៥៧នាក់ នៅសល់តែ៣នាក់មិនទាន់រកអាណាព្យាបាលឃើញ។

ជាមួយនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ ដែលលក់អាវរងាប៉ូលិស និងទាហាន ដកហូតអាវចំនួន៧អាវផងដែរ។

របាយការណ៍បានបញ្ជាក់ទៀតថា នៅថ្ងៃនេះ កម្លាំងជំនាញ បានសង្រ្គោះទូកលិចចំនួន៥ ដោយសង្គ្រោះកីឡាករបានទាំងអស់ និងសង្រ្គោះកីឡាករដែលខ្យល់គរ១នាក់ផងដែរ៕

ខាងក្រោមនេះ ជារបាយការណ៍លម្អិតរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖

v