(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកបញ្ជាក់ថា ក្នុងការការពាររក្សាសន្តិសុខ សុវត្ថិភាព និងបញ្ជៀសរាល់រថយន្ដធំៗ មិនឲ្យចូលរាជធានីភ្នំពេញ ព្រមទាំងទប់ស្កាត់ដុំកំប្លោកតូចធំលើផ្ទៃទន្លេសាប មិនឲ្យរំខានដល់ការប្រលងប្រណាំងទូក.ង នៅខាងមុខព្រះបរមរាជវាំង ជូនប្រជាពលរដ្ឋជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលមកចូលរួមទស្សនាកំសាន្ដ ចាប់ពីថ្ងៃទី២៨ ខែតុលា រហូតមកដល់ថ្ងៃបញ្ចប់នៃព្រះរាជពិធី «បុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវទទួលបានជោគជ័យជាស្ថាពរហើយ ដោយបានបែងចែកដាក់ពង្រាយកម្លាំង ការពារពីនគរបាលខណ្ឌ-ប៉ុស្ដិ៍ និងកម្លាំងអាវុធហត្ថខណ្ឌ រួមនឹងប្រជាការពារខណ្ឌ-សង្កាត់យ៉ាងច្រើន ចំនួន៣គោលដៅ ដើម្បីគ្រប់គ្រងពីស្ថានភាព ក្រោយពីទទួលបានផែនការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ជា ពិសី បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលមកចូលរួមទស្សនាកំសាន្ដ ការប្រលងប្រណាំងទូក.ង នៃព្រះរាជពិធី «បុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» ជាបុណ្យប្រពៃណីជាតិខ្មែរ រហូតសម្រេចបានជោគជ័យជាស្ថាពរយ៉ាងដូច្នេះ បានរៀបចំប្រតិបត្តិការ ឡើងយ៉ាងយកចិត្តទុកដាក់បែងចែកកម្លាំងចំនួន៣គោលដៅរួមមាន៖
ទី១៖ នៅត្រង់ចំណុចអតីតស្ពានលោកឧញ៉ា លី យ៉ុងផាត់ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ដោយសហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីឈរជើងបញ្ជៀសរាល់រថយន្ដធំៗ ឲ្យធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ដោយមិនអនុញាតឲ្យធ្វើចរាចរចូលរាជធានីភ្នំពេញឡើយ ពិសេសគោលដៅចាប់កំផ្លោកលើផ្ទៃទន្លេសាប ដែលដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ មានកម្លាំងសរុប៤១នាក់ ប្រើប្រាស់ទូកកាណូត ចំនួន១៥គ្រឿង ដោយសហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ។
ទី២៖ គោលដៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានកម្លាំងសរុប៦៣នាក់ ដើម្បីបញ្ជៀសរថយន្ដធំៗ ឲ្យធ្វើដំណើរតាមផ្លូវបេតុងសាលាដែកវិញ ចាប់ពីត្រង់ចំណុចស្តុបសាលាដែក នាសង្កាត់ឫស្សីកែវ ដែលដឹកនាំដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ។
ទី៣៖ គោលដៅផ្លូវជាតិលេខ៥ដដែល ចាប់ពីខាងមុខសាលារៀនអន្តរជាតិប៊ែលធី នាសង្កាត់ទួលសង្កែទី១ សរុបកម្លាំង៤៣នាក់ ដើម្បីបញ្ជៀសមិនឲ្យមានរថយន្ដធុនធំ ឫរ៉ឺម៉កកង់បីចូលរាជធានីភ្នំពេញឡើយ ដែលដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងបែបនេះ ក្រោយពីទទួលបានផែនការដឹកនាំពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចាប់ពីថ្ងៃទី២៨ ខែតុលាតទៅ «ពោលគឺ១អាទិត្យ» ដោយប្រតិបត្តិការមុន៤ថ្ងៃ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ លោក សៀង បូរិន ដើម្បីចាត់វិធានការបង្កាទប់ស្កាត់កំប្លោកលើផ្ទៃទន្លេ ត្រៀមប្រើប្រាស់បច្ចេកទេស គ្រប់មធ្យោបាយដូចជា៖ ទូក ការណូត និងសម្ភារបម្រើការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងការប្រមូលគៀររាល់ដុំប្លោកតូចធំទាំងឡាយ នៅលើផ្ទៃដងទន្លេសាប ចាប់ពីគល់ស្ពានជ្រោយចង្វារ មកខាងជើង រហូតដល់គល់ស្ពានព្រែកព្នៅ (អតីតស្ពានឧកញ៉ាលីយ៉ុងផាត់) ដើម្បីកុំឲ្យលំហូរចូលទៅកាន់ខាងមុខព្រះបរមរាជវាំង ដែលអាចបង្កការ រំខានដល់ព្រះរាជពិធីប្រលងប្រណាំងទូកង «បុណ្យអ៊ំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» និងប្រប្រត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។
លោក ជា ពិសី បានថ្លែងថា ក្រោយពីទទួលបានផែនការភ្លាមៗពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមប្រតិបត្តិការ អនុវត្តសាកល្បង សិក្សាពីបរិមាណ និងល្បឿនទឹកហូរក្នុងការរិះរកគ្រប់មធ្យោបាយទប់ស្កាត់ ដុំកំប្លោកតូចធំទាំងឡាយមិន ឲ្យហូរចូលទៅកាន់ ខាងមុខព្រះបរមរាជវាំង ដែលអាចបង្កការរំខានដល់ព្រះរាជពិធីបុណ្យអុំទូក ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់គល់ស្ពានជ្រោយចង្វារ កាលពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ «ពោល គឺអនុវត្តរហូតដល់ថ្ងៃឆ្លងនៃព្រះរាជពិធីបុណ្យអុំទូក» ដោយមានសមាសភាព ចូលរួមពី លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញចំណុះ ជុំវិញខណ្ឌជាច្រើននាក់ផងដែរ។
លោក ជា ពិសី បានបន្តថា បើរាប់គិតចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ខាងមុខព្រះបរមរាជវាំង មានចម្ងាយប្រមាណជា១៤គីឡូម៉ែត្រឯណោះ បន្ទាប់ពីអនុវត្តជាក់ស្ដែងតាមការសិក្សាពីបរិមាណ និងល្បឿនទឹកហូរនាំយកកំប្លោកលើផ្ទៃដងទន្លេសាប កាលពីឆ្នាំកន្លងទៅបានប្រើរយៈ ពេល១៣ម៉ោង ទៅ១៦ម៉ោង ដោយត្រូវត្រៀមកម្លាំងជាប់ជានិច្ច ក្នុងការចុះស្រង់ដុំកំប្លោកចាប់ពីម៉ោង៤ទៀបភ្លឺ ដល់ម៉ោង៦ល្ងាច តែបើក្នុងករណីទំហំ នៃបរិមាណដុំកំប្លោកហូរធ្លាក់មកច្រើនខុសពីធម្មតា ចាំបាច់ទាមទារឱ្យមានសហការពី អាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅ ដែលអាចប្រើប្រាស់បច្ចេកទេសជាទូក កាណូត ពិសេសខ្សែពួរ ត្រូវចងប្រទាក់ក្រឡាផ្អោបភ្ជាប់ប៊ីដុង៣០លីត្រ ដើម្បីគៀងគៀរដុំកំប្លោកបញ្ចូល ទៅតាមព្រែក ឬគៀងគៀរអែបមកមាត់ច្រាំងទន្លេសាប និងគ្មានការរំខានពីដុំកំប្លោក រហូតមកដល់ថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ «អុំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» សម្រេចជោគជ័យជាស្ថាពរបែបនេះបាន៕