(ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាអាកាសធាតុនៅកម្ពុជា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរាជធានីភ្នំពេញនាពេលនេះ (ម៉ោងជិត៧យប់) ភ្លៀងចាប់ផ្តើមបណ្តើរៗហើយ រហូតដល់ម៉ោង៩-១០យប់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំង ដោយឥទ្ធិពលខ្យល់ព្យុះដំរីបោកបក់មកដល់ប្រទេសកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
លោក ចាន់ យុត្ថា ក៏អំពាវនាវដល់កីឡាករអុំទូក គួរមានការប្រុងប្រយ័ត្នដោយអាចឡើងគោកជាការល្អ ព្រោះអាចមានភ្ញៀងនិងខ្យល់ខ្លាំង។ បញ្ហាអាកាសធាតុនេះ វានឹងមិនប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនោះឡើយ ប៉ុន្តែវានឹងអាចធ្វើឱ្យប៉ះពាល់ដល់កម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី នៅពេលយប់។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កែប ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកំពង់ធំ៕