(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីព្រះរាជពិធីបុណ្យអុំទូក ដែលយើងរំឭកអំពីស្នាដៃបុព្វបុរសកងទ័ពជើងទឹកខ្មែរ នាសម័យចក្រភពអង្គរដ៏រុងរឿងនោះ ក្នុងនោះមានពិធីមួយដែលបញ្ជាក់អំពីឧត្ដមភាពរបស់ខ្លួន គឺពិធីកាត់ព័ត្រ។
ចំពោះពិធីកាត់ព័ត្រ ក្នុងន័យបញ្ជាក់អំពីឧត្ដមភាពថា ជាការកាត់ផ្ដាច់ ឧបទ្រពចង្រៃ ដើម្បីនំាមកនូវជោគជ័យដល់ជាតិ មាតុភូមិ និងប្រជាជន។ ដោយហេតុនេះ បានជាយើងឃើញថា ចំពោះទូកដែលត្រូវកាត់ព័ត្រនេះ គឺគេរៀបចំក្បួនទូកពីរជាអាទិ៍៖ ទីមួយ៖ ទូកកាន់ដាវជ័យដោយបាគូ មានមេទ័ពជាតំណាង និងទីពីរ៖ ទូកកាន់ទង់ជាតិ។ ចំពោះទូកទំាងពីរនេះ គឺជាទូកនំាមុខក្បួន ដើម្បីឆ្ពោះទៅកាត់ព័ត្រ រីឯទូក-ង និងទូកចេវ ស្ថិតនៅពីក្រោយទូកទំាងពីរនេះ។
ស្ថិតក្នុងគំនិតឧត្ដមភាពដ៏ត្រចះត្រចង់នេះ យើងឃើញថា នៅពេលក្បួនទូកទំាងពីរត្រូវកាត់ព័ត្រ គឺអុំមកជិតកន្លែងកាត់ព័ត្រប្រហែល៥០ម៉ែត្រ ទូកទំាងអស់ត្រូវ ស្រែកហ៊ោយ៉ាងកងរំពង រហូតដល់ទីកាត់ព័ត្រ ហើយទូកដែលកាន់ដាវជ័យត្រូវកាត់ខ្សែព័ត្រឲ្យដាច់ទៅក្នុងទឹកតែម្ដង បន្ទាប់មកទូកអុំ ឬចេវទៅមុខឲ្យផុតខ្សែព័ត្រ ទើបបែកគ្នារៀងៗខ្លួន។ ត្រង់នេះហើយ គឺបញ្ជាក់ពីឧត្ដមភាពជោគជ័យដ៏ត្រចះត្រចង់ នៃកងទ័ពជើងទឹកខ្មែរនាសម័យបុរាណនោះ។
ស្ថិតក្នុងគំនិតឧត្ដមភាពនេះដែរ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងនូវអំណសាទរផងដែរ ចំពោះវត្ដមានបវរកញ្ញាពិភពលោក ប្រមាណ៦៤ប្រទេស ដែលបានអញ្ជើញមកទស្សនាយ៉ាងសប្បាយរីករាយ ក្នុងថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧នេះ។ លោកបន្ដថា ចំពោះវត្ដមានបវរកញ្ញាពិភពលោក ទំាងនេះ គឺពិតជាកិត្ដិយសរបស់ប្រជាជាតិខ្មែរយើងដ៏ធំធេងផងដែរ ដែលយើងបានបង្ហាញអំពីប្រពៃណីដ៏ល្អផូរផង់តំាងពីបុរាណរៀងមក ទៅកាន់ប្រទេស ប្រមាណ៦៤នេះ។ បានសេចក្ដីថាប្រពៃណីជាតិយើង កាន់តែរីកសាយភាយថែមទៀតទៅកាន់គ្រប់ទ្វីប ទិសទីនៃភពផែនដី។
ជាក់ស្ដែង សូម្បីក្លឹបកំពូលលីក La Liga អេស្ប៉ាញ ដ៏ល្បីបំផុតក្នុងពិភពលោកក៏បានបង្ហោះសារដោយអមដោយតារាឆ្នើមបំផុតពិភពលោក គឺលោក Cristiano Ronaldo ដោយជូនពរព្រះរាជពិធីបុណ្យអុំទូកខ្មែរយើងផងដែរ។
នេះបង្ហាញថា ស្នាដៃបុព្វបុរសខ្មែរ ត្រូវបានកូនចៅជំនាន់ក្រោយគឺសម្ដេចជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថែរក្សាយ៉ាងប្រពៃបំផុត គឺស្របតាមបណ្ដំ របស់បុព្វបុរសថា «បើនរណាថែរក្សាប្រាសាទ បដិមាករ គឺអ្នកនោះនឹងបានសេចក្ដីសុខខ្លួនឯង ក្រុមគ្រួសារ និងទ្បើងឋានសួគ៌ ប៉ុន្ដែបើនរណាបំផ្លាញ នឹងត្រូវចុះនរកដរាបអស់ព្រះអាទិត្យនិងព្រះចន្ទ»។
បើដូច្នេះយើងឃើញថា សម្ដេចជោ ហ៊ុន សែន គឺពិតជាកុលបុត្រខ្មែរដ៏ឆ្នើមបំផុតប្រកបដោយគុណកតញ្ញូដល់បុព្វបុរសខ្លួន។ ដោយហេតុនេះបានជាសម្ដេច កំពុងត្រូវបានទទួលនូវពរជ័យពីបុព្វបុរសខ្លួនផងដែរ គឺប្រទេសមានសន្ដិភាព អភិវឌ្ឍន៍ ពិសេសធ្វើឲ្យពិភពលោកគេមានការគោរពកោតសរសើរផងដែរ។
ជាចុងក្រោយលោក យល់ថា ដោយព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យបញ្ជាក់អំពីគុណតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្ដសញ្ញាណដ៏ស្រល់ត្រកាល របស់ខ្មែរយើងតំាងពីបុរាណរៀងមក ពិសេសពិភពលោកគេកោតសរសើរផងដែរនោះ ហេតុនេះគួររាជរដ្ឋាភិបាលដាក់បញ្ចូលជា «សម្បត្ដិបេតិកភណ្ឌវប្បធម៌ អរូបីរបស់មនុស្សជាតិ» ដើម្បីបង្ហាញអំពីគុណតម្លៃមនុស្សក្នុងភពផែនដីយើងនេះ។
បើដូច្នេះចំពោះពិធីកាត់ព័ត្រក្នុងព្រះរាជពិធីបុណ្យបុណ្យអុំទូក គឺប្រាកដណាស់! ពិតជាបានបង្ហាញបវរកញ្ញាពិភពលោក អំពីឧត្ដមភាពភាពប្រពៃណី ដ៏ត្រចះត្រចង់ខ្មែរយើង ឆ្ពោះទៅកាន់ពិភពលោក យ៉ាងស្រល់បំព្រមជាពុំខាន៕