(ភ្នំពេញ)៖ ចាប់តាំងពីការដាក់ឱ្យអនុវត្តតាំងពីដើទសវត្សរ៍ឆ្នាំ ១៩៨០មក ទំនងជាលើកទី១ ហើយដែលផែនការបដិវត្តន៍ពណ៌ក្រោមការផ្តួចផ្តើម និងជួយជ្រោមជ្រែងពីអាមេរិកត្រូវបានបរាជ័យយ៉ាងអាម៉ាសនៅលើទឹកដីកម្ពុជា ខណៈផែនការបដិវត្តន៍ពណ៌ផ្សេងទៀតទទួលបានជោគជ័យ តាមការចង់បានរបស់ខ្លួន ដូចនៅប្រទេសស៊ែបប៊ី ហ្សកហ្ស៊ី អ៊ុយក្រែន និងគួកស៊ីស្ថាន នៅអំឡុងឆ្នាំ ២០០១ ដល់ ២០០៥ និងនៅប្រទេសក្នុងតំបន់អារ៉ាប់ មានប្រទេសទុយណេស៊ី លីប៊ី ឈីលី ស៊ីរីនៅដើមឆ្នាំ ២០១០។
ការបរាជ័យនេះទំនងជាក្លាយជាប្រធានបទថ្មីមួយទៀតសម្រាប់ប្រវត្តិវិទូក្នុងការសិក្សាស្រាវជ្រាវថា តើមូលហេតុអ្វីបានជាផែនការបដិវត្តន៍ពណ៌ជាសម្ងាត់រវាងអាមេរិកអនុវត្តតាមរយៈអង្គការសង្គម ស៊ីវិលជាតិ និងអន្តរជាតិ មូលនិធិរបស់អាមេរិករួមនឹងបក្សសង្គ្រោះជាតិដែលបានរៀបចំតាំងពីច្រើនឆ្នាំមកហើយនោះ ត្រូវបានបរាជ័យ ហើយមេក្លោងនៃបដិវត្តន៍ពណ៌នេះ ត្រូវបានចាប់ខ្លួន និងខ្លះទៀតកំពុងរត់ចោលស្រុកគេចខ្លួនពីការស៊ើបអង្កេត និងការអនុវត្តច្បាប់របស់ប្រទេសកម្ពុជាចំពោះទង្វើក្បត់ជាតិ និងក្បត់ប្រជាជនរបស់ខ្លួន ទៅឱនក្បាលបម្រើបរទេសយ៉ាងដូច្នេះ?
តាមពិតប្រជាជនកម្ពុជាទាំងមូល គួរអរគុណដល់ កឹម សុខា ដែលបានចេញមកសារភាព និងបកអាក្រាតនូវរឿងរ៉ាវ និងផែនការរបស់អាមេរិក ដែលបានប្រើប្រាស់គាត់ និងបក្សពួករបស់គាត់ធ្វើជាឧបករណ៍ក្នុងការផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមស្លាកនៃការផ្លាស់ប្តូរដោយវិជ្ជមាន។ ប្រសិនបើគ្មាន កឹម សុខា ចេញមុខមកបកអាក្រាតទេ សន្តិភាព និងការអភិវឌ្ឍកម្ពុជា នឹងអាចត្រូវបានបំផ្លាញជាថ្មីម្តងទៀតនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្រោមលេសការបោះឆ្នោតមិនត្រឹមត្រូវ មិនសេរី និង យុត្តិធម៌ដើម្បីពួកគេបំផ្ទុះការតវ៉ាជាថ្មីក្នុងចេតនាផ្តួលរំលំរបប និងដឹកនាំស្របច្បាប់តាម ផែនការរបស់ចៅហ្វាយនាយរបស់ខ្លួន។
ទម្រង់នៃបដិវត្តន៍ពណ៌ដែលអាមេរិកបានរៀបចំដោយមានអង្គការរបស់ខ្លួនមួយចំនួន ជាអ្នកអនុវត្តដោយផ្ទាល់ជាមួយប្រតិបត្តិការជា អ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសគឺ មានភាពដូចគ្នាស្ទើរតែទាំងស្រុង ពីប្រទេសមួយ ទៅប្រទេសមួយទៀត ហើយអង្គការដែលដើរតួនាទីសំខាន់ជាងគេ គឺវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) របស់គណបក្សប្រជាធិបតេយ្យ និងវិទ្យាស្ថានសាធារណរដ្ឋអន្តរ ជាតិ (IRI) ដឹកនាំដោយព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋឈ្មោះ ចន ម៉ាកខិន ព្រម ទាំងមូលនិធិ USAID អង្គការ CANVAS និងសហជីពកម្មកររបស់អាមេរិកជាដើម។ ពួកគេបានធ្វើសកម្មភាពយ៉ាងសម្ងាត់បំផុត ហើយពេលខ្លះអ្នកដែលអនុវត្តនេះមិនត្រូវបានគេ បង្ហាញឱ្យដឹងឡើយ ប៉ុន្តែសកម្មភាពពួកគេបានដើរតាមផែនការសម្ងាត់បដិវត្តន៍ពណ៌។
ផែនការបដិវត្តន៍ពណ៌នេះត្រូវបានបក្សសង្គ្រោះជាតិអនុវត្តម្តងរួចមកហើយនៅ ឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួច។ ទាំងសម រង្ស៊ី និងកឹម សុខា រួមនឹងថ្នាក់ដឹកនាំនៃបក្សសង្គ្រោះជាតិ សុទ្ធសឹងតែបានដឹងអំពីផែនការនេះ ព្រមទាំងបានអនុវត្តតាមលំដាប់លំដោយនៃគម្រោងការផងដែរដោយដំបូងបានប្រើពាក្យថាប្តូរប្តូរៗ បើសិនមិនចុះចេញពីតំណែងដាក់បង្អោងទាញទម្លាក់ជាដើម។ ខណៈការរាប់សន្លឹកឆ្នោតបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ មិនទាន់ចប់ផង សម រង្ស៊ី ដែល ទើបទទួលបានការលើកលែងទោសតាមសំណើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលមករួមក្នុងការបោះឆ្នោតនោះ បានប្រកាសអំពីជ័យជម្នះមុនការបញ្ចប់ការប្រកាសលទ្ធ ផល ប៉ុន្តែប៉ុន្មាននាទីក្រោយមកបានដកចេញវិញ។ នេះគឺជាកលល្បិចមួយដើម្បីញុះញង់បញ្ឆេះកំហឹងអ្នកគាំទ្ររបស់ខ្លួន ត្រៀមចុះផ្លូវតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ការចោទប្រកាន់ថាការបោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ ចោទថាមានអំពើពុក រលួយ របបដឹកនាំផ្តាច់ការគឺជាលេសចម្បងៗដែលគេយកទៅប្រើប្រាស់នៅក្នុងការធ្វើ បដិវត្តន៍ពណ៌នៅក្នុងប្រទេសមួយចំនួនរាប់ទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។
កន្លងមកនេះ គេបានរកឃើញថាមានភស្តុតាងយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់អាមេរិក ក្នុងការដឹកនាំ និងចាត់តាំងអនុវត្តការធ្វើបដិវត្តពណ៌ ឬផ្លាស់ប្តូររបបដឹកនាំ នៃរដ្ឋបរទេស។ ភស្តុតាងនេះ មានការទទួលស្គាល់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី ៤៥ របស់អាមេរិក ដែលបានបង្ហាញនូវនយោបាយថ្មីរបស់អាមេរិក ក្នុងការបញ្ឈប់ដើរផ្តួលរំលំរបបដឹកនាំនៃរដ្ឋបរទេស។ ប៉ុន្តែហេតុអ្វីបានជនជាតិអាមេរិកមួយ នៅតែបន្តអនុវត្តនូវផែនការទុច្ចរិតនេះ? គេនៅចាំបានថាអំឡុងពេលនៃការបោះឆ្នោត និងការតវ៉ាការបោះឆ្នោតនៅឆ្នាំ២០១៣ កន្លងទៅ តួអង្គសំខាន់ៗនៃការធ្វើបដិវត្តន៍ពណ៌បានមកដល់ និងមានវត្តមាននៅកម្ពុជាហើយអាមេរិកបានវិនិយោគជាច្រើន ដោយផ្តល់លុយរាប់រយលានដុល្លារ ទៅអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពញុះញង់ និងបំផុសចលនាប្រជាជនជាដុំជាដុំ ដើម្បីប្រឆាំងរដ្ឋអំណាចក្រោមស្លាកសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ គេក៏បានរកឃើញផងដែរអំពីតួនាទីស្នូលរបស់ទូតអាមេរិកនៅកម្ពុជា ដែលសកម្ម និងលូកដៃជ្រៅ ក្នុងកិច្ចការងាររបស់ប្រទេសខ្មែរ ដូចជា ការបង្កើតក្រុមប្រឹក្សាយុវជនកម្ពុជា និងការចំណាយលុយ ដើម្បីផ្សាយពាណិជ្ជកម្មហ្វេសប៊ុករបស់ទូតអាមេរិក នៅកម្ពុជា។
គេនៅចាំបានថាអំឡុងពេលនៃ ការបាតុកម្មតវ៉ាក្រោយ ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៣ សម រង្ស៊ី និង កឹម សុខា បានប្រែក្លាយពីការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ទៅជាការផ្លាស់ប្តូររបបដឹកនាំ និងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយបានកៀងគរអ្នកគាំទ្ររបស់ខ្លួនពីតាមខេត្តនានាឡើងមកតវ៉ាបិទផ្លូវ កម្ទេចទ្រព្យសម្បត្តិសាធារណៈ និងឯកជន បង្កការញុះញង់ចលាចលសង្គមនានា។ ជាងនេះទៅទៀត មេដឹកនាំបក្សប្រឆាំងដែលតវ៉ានៅទីលាន ប្រជាធិបតេយ្យក្បែរស្ថានទូតសហរដ្ឋអាមេរិក បានចេញចូលទៅជួប ជាមួយទូតអាមេរិកជាច្រើនលើក។
តើស្ថានទូតអាមេរិកអាចជាទីបញ្ជាការនៃបដិវត្តន៍ពណ៌នៅកម្ពុជា ដែរឬទេ? ជាសំណួរមួយដែលមាននៅក្នុងចិត្តរបស់ប្រជាជនខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។ បើគ្មានទំនាក់ទំនងអ្វីហេតុអ្វីក៏ទូតអាមេរិក និងសមាជិកព្រឹទ្ធ សភារបស់អាមេរិកមួយចំនួនឈឺឆ្អាល និងគំរាមដាក់សម្ពាធសព្វបែបយ៉ាងប្រឆាំងនឹង ប្រទេស និងប្រជាជនកម្ពុជា និងទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា ដោយឥតលក្ខខណ្ឌ? ឬក៏កឹម សុខា គឺជាអាយ៉ងបដិវត្តន៍ពណ៌អាមេរិកពិតដូចអ្វីដែល កឹម សុខា បានសារភាព?
ពិតណាស់ ផែនការនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់ប្រទេសមួយ វាកិច្ចការរដ្ឋ ដែលត្រូវលាក់ការណ៍ជាសម្ងាត់ ហើយនេះជារឿងធម្មតា។ វាជារឿងធម្មតាផងដែរ ដែលបញ្ញាវន្តខ្មែរខ្លះ និងយុវជនខ្មែរខ្លះ ដែលមិនអាចដឹងអំពីផែនការសម្ងាត់ទាំងនេះ ហើយវិភាគយល់ឃើញអំពីគុណសម្បត្តិដ៏ធំធេងរបស់អាមេរិកចំពោះកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយភ្លេចនឹកឃើញអំពីរឿងអាមេរិក ដែលបានបង្កសង្រ្គាម និងទម្លាក់គ្រាប់បែកជិតបីលានតោនលើក្បាលខ្មែរ ក្នុងដីខ្មែរ កាលពីអតីតកាល ហើយកាកសំណល់គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីដែលមិនទាន់ផ្ទុះបានបង្កផលវិបាក និងសោកនាដកម្មដល់ប្រជាជនកម្ពុជារហូតមកទល់សព្វថ្ងៃនេះ។
វាក៏ជារឿងធម្មតាដែរ ដែលបញ្ញាវន្តខ្លះ និងយុវជនខ្មែរ ភ្លេចសំឡឹងមើលប្រទេសក្បែរខាងរបស់កម្ពុជាដែលរស់នៅបានដោយសុខសាន្ត និងដោយរីកចម្រើនដោយគ្មានបក្សប្រឆាំង ដែលប្រឆាំងអុកឡុកដើម្បីអំណាច។ ប្រទេសក្បែរខាងកម្ពុជា មិនទាន់មានប្រទេសណាមួយអវសានឡើយ។ ជម្រើសប្រទេសខ្មែរ គឺត្រូវកំណត់អាទិភាពនៃតម្លៃជាតិ ជីវិតជាតិ។ សន្តិភាព គឺជាជីវិតជាតិ ដែលគួរត្រូវការពារឱ្យ បានដាច់ខាត បន្ទាប់មក ប្រជាធិបតេយ្យសេរី បន្ទាប់មក កសាងប្រទេសជាតិមួយដែលរុងរឿងជាដើម។
មានរឿងនយោបាយជាច្រើនដែលបញ្ញាវន្ត និងយុវជនខ្មែរខ្លះមិនបានដឹង តើបក្សភ្លើងទៀន និងបក្សលោកខែ ចូលគ្នាជាបក្សសង្គ្រោះជាតិ ដោយសារតែ ការផ្តួចផ្តើមរបស់ខ្មែរ ឬដោយសារបរទេស ចាប់ឱ្យបញ្ចូលគ្នា?
អំនួតរបស់ កឹម សុខា អំពីគម្រោងផ្លាស់ប្តូររបប ដោយបានបញ្ជាក់ថាអាមេរិកជាអ្នកគាំទ្រសព្វបែបយ៉ាងដល់ខ្លួននេះបានធ្វើឱ្យអាមេរិកមានការអាក់អន់ស្រពន់ចិត្តនឹង កឹម សុខា ដែលមិនគួរណាយកផែនការសម្ងាត់ឃុបឃិតជាមួយបរទេស ក្បត់ជាតិ បំផ្លាញជាតិខ្លួនមកលាតត្រដាងយ៉ាងដូច្នេះឡើយ ដែលធ្វើឱ្យអាមេរិកអាប់មុខអាប់មាត់យ៉ាងខ្លាំងចំពោះ មុខប្រជាជនកម្ពុជា និងចំពោះពិភពលោកទាំងមូល និងក៏ជាមេរៀនសម្រាប់ប្រទេសផ្សេងៗទៀតធ្វើការប្រុងប្រយ័ត្នចំពោះរាល់សកម្មភាពទាំងឡាយរបស់អង្គការ និងមូលនិធិរបស់អាមេរិកនៅក្នុងប្រទេសខ្លួនថាតើ ពួកគេមកជួយដោយស្មោះត្រង់ ឬបង្កប់ដោយផលប្រយោជន៍នយោបាយ សេដ្ឋកិច្ចនៅពីក្រោយខ្នង។
ការគ្រប់គ្រង និងទប់ស្កាត់បានទាន់ពេលវេលានូវផែនការបដិវត្តន៍ពណ៌នៅកម្ពុជាគឺដោយដារតែមេ ដឹកនាំកម្ពុជាមានបទពិសោធ និងភាពឈ្លាសវៃវិភាគស្ថានការណ៍បានសម្អិត ព្រមទាំង ចាត់វិធានការប្រកបដោយភាពត្រឹមត្រូវ។ មួយចំណែកទៀតគឺការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ស្អាប់សង្គ្រាម បានធ្វើឱ្យផែន ការបដិវត្តន៍ពណ៌របស់បក្សប្រឆាំងក្រោមគំនិតផ្តួចផ្តើមរបស់អាមេរិកត្រូវបរាជ័យ និង អ្នកប្រព្រឹត្តត្រូវបានចាប់ខ្លួន ហើយបក្ស ដែលជាជម្រកនៃក្រុមជនក្បត់ជាតិ ក៏ត្រូវបាន ប្រឈមនឹងការប្តឹងរំលាយចោលផងដែរ។ ទាំងនេះគឺជាអ្វីដែលអ្នកប្រវត្តិវិទូគួរអង្គុយ សរសេរពីការបរាជ័យនៃផែនការបដិវត្តន៍ពណ៌នៅកម្ពុជា!
ដោយ៖ ចៅចាក់ស្មុក