(ភ្នំពេញ)៖ ពាក់ព័ន្ធបញ្ហាអាវុធគីមីដ៏គ្រោះថ្នាក់របស់អាមេរិក ដែលទម្លាក់មកលើទឹកដីខ្មែរ កំពុងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅខេត្តស្វាយរៀង រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការជូនកាន់អង្គការសហប្រជាជាតិ (UN) ស្របតាមដំណើរការនីតិវិធីនៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមីរួចរាល់ហើយ ដូច្នេះអាមរិកដែលជាប្រទេស ប្រើប្រាស់អាវុធគីមីមកលើកម្ពុជា ត្រូវមានកាត្វកិច្ចផ្តល់ព័ត៌មានលម្អិត នៃការប្រើប្រាស់អាវុធគីមីនោះទៅ អង្គការសហប្រជាជាតិផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់។
លោក ហេង រតនា បានលើកឡើងថា កាលពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ជំរាបជូនសារណជន អំពីខ្លឹមសារនៃសេចក្តីប្រកាស ជូនអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិនោះ។ នេះជាការដំណើរការ ស្របតាមនីតិវិធីនៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមីដែលមានរដ្ឋភាគីចំនួន១៦៥ប្រទេស និងមានប្រទេសចូលរួមសរុបជិត២០០ប្រទេស។ ក្នុងនោះកម្ពុជា និងសហរដ្ឋអាមេរិក សុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញានេះ។
អគ្គនាយករូបនេះសង្កត់ធ្ងន់ថា «ផ្អែកតាមមាត្រាទី៣ នៃអនុសញ្ញាប្រទេសរងគ្រោះអាវុធគីមី មានកាត្វពកិច្ចប្រកាស ពីការរកឃើញអាវុធគីមី នៅលើបូរណភាពទឹកដីរបស់ខ្លួន ហើយប្រទេសដែលបានប្រើអាវុធគីមី ទៅលើប្រទេសដទៃ ក៏ត្រូវប្រកាសអំពីអាវុធគីមីទាំងនោះដែរ។ ដូចនេះសហរដ្ឋអាមេរិក មានកាត្វកិច្ចតាមអនុសញ្ញា ត្រូវផ្តល់ព័ត៌មានលំអិត នៃការប្រើប្រាស់អាវុធគីមីលើកម្ពុជា ទៅអង្គការសហប្រជាជាតិផងដែរ។ ដោយមិនគិតផ្ទុះ ឬមិនផ្ទុះអ្វីទេ ត្រូវប្រកាសទាំងអស់ ដើម្បីឲ្យដឹងថា ប្រើនៅកន្លែងណាខ្លះ ហើយអាវុធគីមីប្រភេទអ្វីខ្លះជាដើម។ល។ ដើម្បីរាជរដ្ឋាភិបាល មានព័ត៌មាន និងសហការគ្នាទប់ស្កាត់ផលប៉ះពាល់ និងមានវិធានការដោះស្រាយវិបត្តិ្តនេះ»។
លោក ហេង រតនា បានបន្ថែមទៀតថា ក្រៅពីអាមរិកដែលមានកាតព្វកិច្ច បង្ហាញការពិតនៃការប្រើប្រាស់ គ្រាប់បែកគីមីលើទឹកដីខ្មែរហើយ ខាងអង្គការសហប្រជាជាតិដូចគ្នាដែរ តាមនីតិវិធីក្រោយទទួលបានរបាយការណ៍ និងសំណូមពររបស់រដ្ឋភាគីរួចហើយ។ ចាំបាច់ត្រូវបញ្ជូនក្រុមអ្នកជំនាញ ដើម្បីត្រួតពិនិត្យ និងវាយតំលៃស្ថានភាពជាក់ស្តែង។
លោកអគ្គនាយក ហេង រតនា បានបញ្ជាក់ទៀតថា «យើងមានការព្រួយបារម្ភបំផុត ចំពោះសារជាតិគីមីដ៍កាចសាហាវ ដែលមានក្នុងគ្រាប់បែកគីមី ដែលបន្តប៉ះពាល់ និងគំរាមកំហែងដល់សេចក្តីសុខ របស់ប្រជាពលរដ្ឋយើង»។
នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ ជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents មិនមែនដូចអ្វីដែលស្ថានទូតអាមេរិក លើកឡើងថា ជាឧស្ម័នបង្ហូរទឹកភ្នែកឡើយ។
នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។
លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា Blister agents គឺស្ថិតនៅក្នុងតារាងទី១ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ៕