(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សព្វផ្សាយ អប់រំ ណែនាំ អំពីបញ្ហាអគ្គិភ័យ និងត្រៀមកម្លាំងអន្ដរាគមន៍ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់ការពារគ្រោះអគ្គិសភ័យ កើតឡើងជាយថាហេតុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេលទាំង៣ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់មកបណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ប្រើប្រាស់កម្លាំងសរុបចំនួន៥០នាក់ រថយន្ត៤គ្រឿង ដើម្បីត្រៀមប្រចាំការអន្តរាគន៍ សង្គ្រោះពន្លត់អគ្គិភ័យ កើតឡើងជាយថាហេតុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបន្ថែមទៀតថា កម្លាំងរបស់លោកចែកចេញជា២គោលដៅផ្សងគ្នា។ គោលដៅទី១៖ មានកម្លាំងចំនួន២៥នាក់ ដើម្បីចុះទៅផ្សព្វផ្សាយ អប់រំ ណែនាំ ស្ដីអំពីបញ្ហាអគ្គិភ័យ និងគោលដៅទី២៖ មានកម្លាំងចំនួន២៥នាក់ រួមជាមួយរថយន្ត៤គ្រឿង ប្រចាំការត្រៀមអន្តរាគន៍។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ លោកបានចាត់មន្ត្រីចុះផ្សព្វផ្សាយ អប់រំ ណែនាំ ត្រួតពិនិត្យឧបករណ៍ បង្ការពន្លត់អគ្គិភ័យ ការប្រើប្រាស់ចរន្តអគ្គិសនី, ឧស្ម័នចំហេះ និងហ្គាស ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកលក់ដូរចល័ត ក្នុងតំបន់ប្រារព្ធពិធីបុណ្យអុំទូកផងដែរ។

លោកបានឲ្យដឹងទៀតថា ជាលទ្ធផល៖ អប់រំ ណែនាំ បានចំនួន១០៧២ កន្លែង ឬគោលដៅ និងចែកខិតបណ្ឌផ្សព្វផ្សាយ ព័ត៌មាន១២២៨ សន្លឹក។ ក្នុងនោះដែរ នៅរយៈពេល២ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ចំពោះករណីផ្ទុះកំប៉ុងហ្គាស់ មានការកើតឡើងចំនួន១លើកតែប៉ុណ្ណោះ (គ្រោះថ្នាក់មនុស្ស២នាក់) បណ្ដាលឲ្យរងរបួសស្រាល៕