(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៤ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ពីស្រី្ដជនជាតិចិនម្នាក់ នៅចំណុចក្រុមទី១១ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ក្រោយពីរត់គេចខ្លួនបានរយៈពេល២ថ្ងៃ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី០៤ ខែតុលានេះ ឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០៖០០នាទីព្រឹក កម្លាំងជំនាញផែនព្រហ្មទណ្ឌ ទទួលបានបណ្តឹងពីជនរងគ្រោះថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩៖៣០នាទី នៅចំណុចក្រុមទី១១ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើង។
បង្កដោយជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ជនរងគ្រោះ ដែលកំពុងដើរ (ថ្មើរជើង)។ ជនរងគ្រោះឈ្មោះ YE DAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ I45897210 មុខរបរទេសចរណ៍។ សម្ភារបាត់បង់រួមមាន៖ កាបូបដៃពណ៍ទឹកបិច ចំនួន១, លុយ ១,១០០ ដុល្លារអាមេរិក, កាត ATM ចំនួន១, អត្តសញ្ញាណប័ណ្ណ ជនជាតិចិនចំនួន១។
ស្នងការនគរបាលខេត្ត បានបន្ដថា បន្ទាប់ពីបានទទួលបណ្តឹង លោកបានប្រគល់ភារកិច្ច ឲ្យការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៤ នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។
ឆ្លងតាមការស្រាវជ្រាវស៊ើបអង្គេត កម្លាំងជំនាញកំណត់បានមុខសញ្ញា ជនសង្ស័យ រហូតដល់យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញធ្វើការបង្រ្កាបបានទាំងស្រុង ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន ទី១៖ ឈ្មោះស៊ា បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ (ជិះខាងក្រោយ សហចារី), ទី២៖ ឈ្មោះ ឡា ហ្គូហ្គូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ (អ្នកឆក់ដៃដល់), និងទី៣៖ ឈ្មោះ សូត្រ ឈីវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ មិនពិតប្រាកដ (អ្នកបើកម៉ូតូ សហចារី)។ ករណីនេះ ជនសង្ស័យទាំង៣នាក់ បានសារភាពទាំងស្រុង ហើយកំពុងបន្តតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕