(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ថ្លែងអំពីការផ្តល់ឱកាសដល់បងប្អូនបានបន្តអាជីពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំផ្តល់ឱកាសដល់បងប្អូនក្នុងការចាកចេញពីគណបក្សសង្រ្គោះជាតិ មុនពេលគណបក្សនេះត្រូវរំលាយ, ឱកាសរបស់បងប្អូនមានត្រឹមថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ នៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រញាប់ប្រញាល់ ចាកចេញឲ្យហើយ។
ខ្ញុំសូមបញ្ជាក់ជូនថែមយ៉ាងដូច្នេះថា មិនមែនត្រឹមតែរំលាយគណបក្សមួយចប់នោះទេ ប្រហែលមានមនុស្សជាង១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំ, មេធាវីរបស់ក្រសួងមហាផ្ទៃទាមទារកាត់សិទ្ធិធ្វើនយោបាយរបស់គណៈអនិច្រ្តៃយ៍ និងគណៈនាយក។
ខ្ញុំហ៊ានដាក់ជីវិតដើម្បីជំនួស តើកំរិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ដើម្បីវាយខ្នោះហើយនោះ តើវាសភាពការណ៍វាធ្ងន់ធ្ងរដល់កំរិតប៉ុណ្ណា ឧទ្ទាមទីក្រុងមិនត្រូវបានលើកលែងទោស និងអត់អោនទោសឲ្យនោះទេ គេបានធ្វើបដិវត្តពណ៌ គេបានធ្វើច្រើនណាស់ហើយ ច្រើនលើកច្រើនសារហើយប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងបន្តធ្វើតទៅទៀត យើងមិនផ្តល់ឱកាសឲ្យពួកឧទ្ទាមទីក្រុងបានរួចខ្លួននោះទេ។
ខ្ញុំសូមបញ្ជាក់ថា មិនមែនកាត់ទោស កឹម សុខា ហើយទើបរំលាយបក្សនោះទេ គណបក្សនេះនឹងត្រូវរំលាយមុន យោងតាមកាលបរិច្ឆេទរបស់តុលាការកំពូល បានកំណត់រួចស្រេចមកហើយ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧)»៕