(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងបណ្តែតតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងបែបសាសនា នៅយប់រំលងអាធ្រាតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងអកអំបុក សំពះព្រះខែ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។
ពិធីសំពះព្រះខែ និងអកអំបុកនាពេលនេះ គឺជាបវេណីមួយ ដែលប្រជានុរាស្ត្រខ្មែរ យើងតាំងពីបុរាណតែងប្រារព្ធរៀបចំ ឡើងនារាត្រីថ្ងៃទី១៥ កើត ខែកក្តិក ដើម្បីជាការរំលឹក ដឹងគុណដល់ផែនដី ដែលបាន ទ្រទ្រង់ឲ្យជីវិតមនុស្សសត្វ អាចរស់រានបន្តពូជពង្សជាហូរហែ ព្រមទាំងបង្កលក្ខណៈ គ្រប់ភាវរស់អាចសម្របខ្លួន និងរស់នៅរីកធំធាត់តាមប្រភេទ លក្ខណៈ តាមភូមិសាស្ត្រ និងការវិវត្តន៍ នៃសង្គមបរិយាកាសទូទៅរបស់ធម្មជាតិ។
ពិធីបុណ្យនេះ ក៏ដើម្បីរំលឹកនឹកគុណ ព្រះគង្គា ដែលបានផ្តល់ភាពត្រជាក់ត្រជុំ សម្រាប់ភាពសុខក្សេមក្សាន្តដល់ ប្រជានុរាស្រ្ត ដើម្បីកសាងជីវភាពក្រុមគ្រួសារក្នុងការរស់នៅប្រកបដោយសុភមង្គល និងការហូរនាំនូវដីល្បាប់ ដ៏មានជីវជាតិស្រោចស្រពតំបន់ទំនាបកណ្តាល និងផ្នែកខាងក្រោមបង្កលក្ខណៈឲ្យសកម្មភាពកសិកម្ម ផលិកម្មគ្រប់ប្រភេទរបស់ប្រជាកសិករខ្មែរ ប្រកបដោយទិន្នផលខ្ពស់ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ និងពិសេសជាឃ្លាំងស្បៀងដ៏សំខាន់មួយរបស់ជាតិ។ ដោយសារស្បៀងដ៏សំបូរហូរហៀនេះហើយ ទើបធ្វើឲ្យអាណាចក្រខ្មែរនាសម័យមហានគរ មានភាពរីកចម្រើនរុងរឿងគួរជាទីមោទនៈ។
ពិធីនេះ ក៏ជាការបួងសួង សុំខមាលទោសដល់អារុក្ខ អារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ ចំពោះអំពើមិនសមរម្យរបស់កូនចៅ និងប្រជាជនទាំងអស់ដែលបានរស់នៅ ហើយបានបោះចោលនូវភាពស្មោគគ្រោកពេញមួយឆ្នាំ ទៅលើលោកដែលជាម្ចាស់ទឹកម្ចាស់ដី កុំឲ្យមានការខឹងសម្បារដល់ភាពមិនគប្បីរបស់កូនចៅទាំងនោះ ហើយផ្ទុយទៅវិញក៏សូមឲ្យអារុក្ខអារក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ សុភមងុ្គល ភាពរីកចម្រើនរុងរឿង ត្រជាក់ត្រជុំដល់កូនចៅដែលកំពុង តែរស់នៅជានិច្ចនិរន្តតទៅ។
ម្យ៉ាងវិញទៀត ពិធីបុណ្យប្រពៃណីនេះ រីកចំរើននៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពល នៃព្រះពុទ្ធសាសនា បានចាក់រឹសយ៉ាងជ្រៅនៅក្នុងព្រលឹង របស់ប្រជាជាតិទាំងមូល ដែលតែងតែគោរពបូជា ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងជារៀងរហូតមក៕