(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅចុងឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជា (EDC) នឹងដាក់ឲ្យដំណើរការពេញលេញ ការបញ្ជូនអគ្គិសនី ពីវារីអគ្គិសនីសេសានក្រោម២ មកកាន់រាជធានីភ្នំពេញ ដែលការដំណើរការនេះ នឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តចំនួន៤ នៃភូមិភាគឦសាន មានស្ថានភាពល្អប្រសើរ។
អជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បណ្តាញបញ្ជូន និងអនុស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយកំពង់ចាម ទៅក្រចេះ និងស្ទឹងត្រែង ត្រូវបានអគ្គិសនីកម្ពុជា EDC ដាក់បញ្ជូនអគ្គិសនីសាកល្បងមើល ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ ដើម្បីត្រៀមដំណើរការពេញលេញបញ្ជូនអគ្គិសនី ពីវារីអគ្គិសនីសេសានក្រោម ២ មកកាន់ភ្នំពេញ នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ។
ប្រភពដដែលបានបន្ថែមទៀតថា «ការដំណើរការខ្សែបណ្ត្តាញបញ្ជូន និងអនុស្ថានីយ២៣០គីឡូវ៉ុលនេះ រួមជាមួយនឹងការបញ្ចេញថាមពលពីវារីអគ្គិសនីសេសានក្រោម២ នៅដើមឆ្នាំ ២០១៨ នឹងធ្វើឲ្យមានការកែលំអស្ថានភាពផ្គត់ផ្គង់អគ្គិសនី ជាបន្តបន្ទាប់នៅខេត្តទាំង៤ នៃភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដូចជាការរអាក់រអួលដាច់ចរន្តអគ្គិសនីនឹងថយចុះជាអតិបរិមា គុណភាពអគ្គិសនីនឹងបានប្រសើរជាងមុនច្រើន រួចថ្លៃអគ្គិសនីនឹងថយចុះមកស្មើនឹងថ្លៃអគ្គិសនីនៅតំបន់បណ្តាញជាតិ»។
សូមជម្រាបថា ពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ដែលរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះក៏មានផ្នែកឯកជនផងដែរ។
គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ។
ថ្លែងក្នុងឱកាស បិទទ្វារទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាព៤០០មេហ្គាវ៉ាត់នេះ ត្រូវបាននាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា វាជាជោគជ័យថ្មីធំមួយទៀតសម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ព្រោះថាវានឹងផ្ដល់ថាមពលអគ្គិសនីកាន់តែច្រើន សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស ហើយក៏ធ្វើឲ្យកាត់ផ្ដាច់នូវការដុតចន្លុះ ដុតក្លាញ់ត្រី ដុតចង្កៀងប្រេងកាត់ នៅតំបន់ភូមិភាគឦសាននោះ បានរសាត់ឆ្ងាយពីកម្ពុជា៕